ព្រះត្រៃបិដក ភាគ ៥៧
ថេរីគាថា នវកនិបាត
[៣២៧] ហៃវឌ្ឍៈ ព្រៃ គឺកិលេស កុំមានដល់លោក ក្នុងកាលណា ៗ ឡើយ ហៃកូន លោកកុំមានចំណែកនៃសេចក្ដីទុក្ខរឿយ ៗ ឡើយ។ ហៃវឌ្ឍៈ ព្រោះថា អ្នកប្រាជ្ញទាំងឡាយ លោកមិនមានតណ្ហា កាត់សេចក្ដីសង្ស័យ ជាអ្នកត្រជាក់ត្រជំ ដល់នូវសេចក្ដីរាបសា មិនមានអាសវៈ តែងនៅជាសុខ។ ហៃវឌ្ឍៈ ចូរលោកចំរើនឲ្យរឿយ ៗ ដើម្បីដល់នូវការឃើញមគ្គ ដែលពួកឥសីនោះ ធ្លាប់សន្សំមកហើយ ដើម្បីធ្វើនូវព្រះនិព្វានជាទីបំផុតទុក្ខ។
បពិត្រមាតា លោកក្លៀវក្លា ប្រាប់សេចក្ដីនេះដល់ខ្ញុំ បពិត្រមាតា ខ្ញុំសំគាល់ថា ព្រៃ គឺកិលេសរបស់លោក មិនមានដោយពិត។
ហៃវឌ្ឍៈ សង្ខារទាំងឡាយ ឯណានីមួយដ៏ថោកទាប ឧត្តម និងកណ្ដាល ព្រៃ គឺកិលេស សូម្បីតូចឆ្មារក្ដី សូម្បីបន្តិចបន្តួចក្ដី នៃខ្ញុំមិនមានឡើយ។ ខ្ញុំជាអ្នកមិនប្រមាទ បានចំរើនឈាន មានអាសវៈទាំងពួងអស់ហើយ ត្រៃវិជ្ជា ខ្ញុំបានសម្រេចហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។
ID: 636867018478177287
ទៅកាន់ទំព័រ៖