ព្រះត្រៃបិដក ភាគ ៥៧

 ​[​២៣៨​]​ ​កាយ​ដ៏​ពេញដោយ​មន្ទិល​ ​មាន​ចំណែក​ផ្សេង​ ​ៗ​ ​កើត​ក្នុង​រណ្ដៅ​លាមក​ធំ​ ​គឺ​ផ្ទៃ​មាតា​ ​ដូច​ជ្រាំ​ចាស់​ដែល​អាប់អួ​យូរ​ ​ឬដូច​បូសធំ​ ​ដំបៅ​ធំ​ ​ជា​កាយ​ដ៏​ពេញដោយ​ខ្ទុះ​ ​និង​ឈាម​ ​ពេញព្រៀប​ក្នុង​រណ្តៅ​លាមក​ ​ជាទី​ហូរចេញ​នៃ​ទឹក​ ​រមែង​ហូរចេញ​នូវ​វត្ថុ​មិន​ស្អាត​សព្វ​ ​ៗ​ ​កាល​។​ ​កាយ​ដែល​ចងភ្ជាប់​ដោយ​សរសៃ​ធំ​ ​៦០​ ​លាប​ដោយ​គ្រឿង​លាប​ ​គឺ​សាច់​ ​ប្រដាប់ដោយ​អាវ​ ​គឺ​ស្បែក​ ​ជា​កាយ​ស្អុយ​ ​រក​ប្រយោជន៍​គ្មាន​ ​តភ្ជាប់​គ្នា​ដោយ​រាង​ឆ្អឹង​ ​ចង​ស្រាក់​ដោយ​ចេស​ ​គឺ​សរសៃ​ ​សម្រេច​ឥរិយាបថ​បាន​ ​ព្រោះ​ប្រជុំ​នៃ​អាការ​មិន​តែមួយ​។​ ​កាយ​មានដំណើរ​ទៅ​រក​សេចក្តី​ស្លាប់​ដ៏​ទៀងទាត់​ ​(​ឋិតនៅ​)​ ​ក្នុង​សំណាក់​នៃ​មច្ចុរាជ​ ​ឯ​នរជន​តែង​ទំលាក់​ចោល​នូវ​កាយ​ក្នុង​លោក​នេះ​ ​ហើយ​ទៅតាម​យថាកម្ម​។​ ​កាយ​ត្រូវ​អវិជ្ជា​ដោត​ក្រង​ហើយ​ ​ត្រូវ​គ្រឿង​ចាក់ស្រែះ​ ​៤​ ​យ៉ាង​ ​ចាក់ស្រែះ​ហើយ​ ​កាយ​ក៏​លិច​ចុះ​ក្នុង​ឱឃៈ​ ​ត្រូវ​បណ្ដាញ​នៃ​អនុ​សយៈ​គ្រប​សង្កត់​ហើយ​ ​ប្រកប​ក្នុង​នី​វរ​ណៈ​ ​៥​ ​ពេញដោយ​មិច្ឆា​វិតក្កៈ​ ​ជាប់​ដោយ​មូល​នៃ​ភព​ ​គឺ​តណ្ហា​ ​ត្រូវ​ដំបូល​ ​គឺ​មោហៈ​បិទបាំង​ហើយ​ ​កាយ​នេះ​រមែង​ប្រព្រឹត្តទៅ​ដូច​ពោល​មកនេះ​ ​អន្ទោល​ទៅតាម​យន្ដ​ ​គឺ​កម្ម​។​ ​ធម្មតា​សម្បត្តិ​ ​តែង​មាន​វិបត្តិ​ជាទីបំផុត​ ​ការ​កើត​ផ្សេង​ ​ៗ​ ​រមែង​វិនាស​ទៅវិញ​។​ ​
ថយ | ទំព័រទី ២១ | បន្ទាប់
ID: 636866931703774075
ទៅកាន់ទំព័រ៖