ព្រះត្រៃបិដក ភាគ ៥៧
ថេរីគាថា តឹសនិបាត
[៣៣៦] (សុវណ្ណការបុត្ត) ជាអ្នកលេង រារាំងភិក្ខុនី ឈ្មោះសុភា កំពុងដើរទៅកាន់ជីវកម្ពវ័ន ជាទីរីករាយ ភិក្ខុនីឈ្មោះសុភា ក៏បានពោលនឹងសុវណ្ណការបុត្តនោះថា។ កំហុសដូចម្ដេច ដែលអាត្មាប្រទូស្ដដល់អ្នក បានជាអ្នកឈររាំងអាត្មា នែអាវុសោ បុរសមិនគួរប៉ះពាល់នូវស្រ្តី ជាបព្វជិតទេ។ សិក្ខាទាំងឡាយក្នុងសាសនា របស់ព្រះសាស្ដា ជាសិក្ខាគួរគោរព ព្រះសុគតបានសំដែងហើយដល់អាត្មា ហេតុដូចម្ដេច ក៏អ្នកមកឈររាំងអាត្មា ដែលជាស្រីមានចំណែកនៃធម៌ដ៏បរិសុទ្ធ មិនមានទីទួល គឺកិលេស។ អ្នកជាបុគ្គលមានចិត្តល្អក់ ប្រកបដោយធូលី គឺរាគៈ ហេតុដូចម្ដេច ក៏អ្នកមកឈររាំងអាត្មា ដែលជាស្រីមានចិត្តថ្លាស្អាត ប្រាសចាកធូលី គឺរាគៈ មិនមានទីទួល គឺកិលេស មានចិត្តផុតស្រឡះហើយ (ចាកខន្ធបញ្ចកៈ) ទាំងអស់។
(អ្នកលេងពោលថា) នាងជាស្រ្តីនៅក្រមុំផង មិនអាក្រក់ផង បព្វជ្ជានឹងធ្វើប្រយោជន៍អ្វីដល់នាង ចូរនាងបោះចោលកាសាយចីវរចេញទៅ ហើយចូរមក យើងនឹងបានត្រេកត្រអាល ក្នុងព្រៃដែលមានផ្ការីកល្អ។ ដើមឈើទាំងឡាយ ហាក់ដូចជាតាំងឡើងដោយលំអងផ្កា បក់ផ្សព្វផ្សាយនូវក្លិនដ៏ក្រអូបសព្វទិស
ID: 636867026942181400
ទៅកាន់ទំព័រ៖