ព្រះត្រៃបិដក ភាគ ៥៧

​ពួក​ជន​ណា​ ​ជា​អន្ធពាល​បុថុជ្ជន​ ​រាប់អាន​កាយ​នេះ​ ​ពួក​ជន​នោះ​ ​រមែង​ញ៉ាំង​សង្សារ​ដ៏​ពន្លឹក​ឲ្យ​ចំរើន​ ​តែង​កាន់​យក​នូវ​ភព​ថ្មីទៀត​។​ ​ពួក​ជន​ណា​ ​វៀរបង់​នូវ​កាយ​នេះ​ ​ដូច​បុគ្គល​វៀរបង់​នូវ​អាសិរពិស​ ​ដែល​ប្រឡាក់​ដោយ​លាមក​ ​ពួក​ជន​នោះ​ ​រមែង​ខ្ជាក់​ចោល​នូវ​អវិជ្ជា​ ​និង​តណ្ហា​ ​ដែល​ជា​មូល​នៃ​ភព​ ​ជា​អ្នក​មិន​មាន​អាសវៈ​ ​នឹង​បរិនិព្វាន​។​ ​

​ក​ប្ប​ត្ថេ​រ​។​


 [​២៣៩​]​ ​ភិក្ខុ​គប្បី​សេព​នូវ​សេនាសនៈ​ស្ងាត់​ ​ដែល​មាន​សំឡេង​គឹកកង​តិច​ ​ដែល​ម្រឹគ​សាហាវ​អាស្រ័យ​នៅ​ហើយ​ ​ព្រោះ​ហេតុ​នៃ​ការ​ពួន​សម្ងំ​។​ ​ភិក្ខុ​គប្បី​នាំមក​ ​(​នូវ​កំណាត់សំពត់​)​ ​អំពី​គំនរ​នៃ​សំរាម​ ​ឬ​ព្រៃស្មសាន​ ​ឬ​ចន្លោះ​នៃ​ថ្នល់​ ​ធ្វើជា​សង្ឃាដី​ ​ដោយ​កំណាត់សំពត់​ដែល​ខ្លួន​នាំមក​នោះ​ ​ហើយ​ទ្រទ្រង់នូវ​ចីវរ​ដ៏​សៅហ្មង​។​ ​ភិក្ខុ​គប្បី​ធើ្វ​ចិត្ត​ឲ្យ​ទាប​ ​គ្រប់គ្រង​នូវ​ទ្វារ​ ​សង្រួម​ដោយ​ប្រពៃ​ ​ហើយ​ត្រាច់​ទៅកាន់​ផ្ទះ​ជាលំដាប់​ ​គឺ​ចេញ​អំពី​ត្រកូល​ ​១​ ​ទៅកាន់​ត្រកូល​ ​១​ ​ដើម្បី​បិណ្ឌបាត​។​ ​ម្យ៉ាងទៀត​ ​ភិក្ខុ​ត្រូវ​សន្ដោស​ដោយ​វត្ថុ​សៅហ្មង​ ​មិន​គប្បី​ប្រាថ្នា​នូវ​រស​ឯទៀត​ឲ្យ​ច្រើន​ទេ​ ​ចិត្ត​របស់​ភិក្ខុ​អ្នក​ជាប់​ញ៉ាម​ក្នុង​រស​ទាំងឡាយ​ ​រមែង​មិន​ត្រេកអរ​ក្នុង​ឈាន​។​ ​មុនី​គប្បី​ជា​អ្នកមាន​សេចក្តី​ប្រាថ្នា​តិច​ ​ជា​អ្នក​សន្ដោស​ ​ជា​អ្នក​ស្ងប់ស្ងាត់​ ​នៅ​មិន​ច្រឡូកច្រឡំ​ដោយ​បុគ្គល​ពីរ​ពួក​ ​គឺ​គ្រហស្ថ​ ​និង​បព្វជិត​។​
ថយ | ទំព័រទី ២២ | បន្ទាប់
ID: 636866932167760613
ទៅកាន់ទំព័រ៖