ព្រះត្រៃបិដក ភាគ ៥៧
ថេរគាថា ឯកាទសកនិបាត
[២៤១] ម្នាលសាមណេរ ប្រយោជន៍អី្វដល់អ្នក (ដែលនៅ) ក្នុងព្រៃភ្នំឈ្មោះឧជ្ជុហានៈ (មិនជាទីសប្បាយ) ក្នុងរដូវភ្លៀង ខ្យល់ឈ្មោះវេរម្ពៈ (ខ្យល់ព្យុះ) ជាទីរីករាយដល់អ្នកឬ ព្រោះថាសេចក្តីស្ងប់ស្ងាត់ រមែងមានដល់បុគ្គលទាំងឡាយអ្នកមានឈាន។ ខ្យល់ឈ្មោះវេរម្ពៈ រមែងបក់ផាត់នូវពពកទាំងឡាយក្នុងរដូវភ្លៀងយ៉ាងណា សញ្ញារបស់ខ្ញុំ ដែលប្រកបដោយវិវេក ក៏រមែងរាយមាយយ៉ាងនោះដែរ។ សត្វដែលកើតអំពីពង មានសម្បុរខ្មៅ (ក្អែក) ត្រាច់ទៅកាន់លំនៅក្នុងទីស្មសាន ក៏ញ៉ាំងសតិនៃខ្ញុំ ដែលអាស្រ័យនូវការប្រាសចាកតម្រេកក្នុងរាងកាយ ឲ្យកើតឡើង។ ជនទាំងឡាយដទៃ មិនរក្សានូវភិក្ខុណា ភិក្ខុណា មិនរក្សានូវជនទាំងឡាយដទៃ ភិក្ខុនោះ ជាអ្នកមិនមានសេចក្តីអាឡោះអាល័យក្នុងកាមទាំងឡាយ រមែងដេកជាសុខ។ ភ្នំថ្មទាំងឡាយនោះ មានទឹកថ្លា មានថ្មក្រាស់ ប្រកបដោយសត្វមានកន្ទុយដូចគោ មានទឹកដេរដាសដោយសារាយ រមែងញ៉ាំងអាត្មាឲ្យរីករាយ។ អាត្មាក៏ធ្លាប់នៅក្នុងព្រៃទាំងឡាយផង ក្នុងច្រកភ្នំទាំងឡាយផង ក្នុងគុហាទាំងឡាយផង ក្នុងសេនាសនៈទាំងឡាយដ៏ស្ងាត់ផង ក្នុងព្រៃដែលសត្វម្រឹគសាហាវអាស្រ័យនៅផង។
ID: 636866933232301502
ទៅកាន់ទំព័រ៖