ព្រះត្រៃបិដក ភាគ ៥៧
ឯមាតា និងបិតាទាំងពីរនោះ ជាអ្នកប្រាថ្នាសេចក្តីចំរើន ស្វែងរកប្រយោជន៍ ទើបនាំខ្ញុំទៅថ្វាយព្រះពុទ្ធ ព្រោះសេចក្តីអនុគ្រោះ (ដោយពាក្យថា) កូននេះ ធ្លាប់សុខ ចំរើនដោយសេចក្តីសុខ ខ្ញុំព្រះអង្គបានដោយលំបាក បពិត្រព្រះលោកនាថ យើងខ្ញុំសូមថ្វាយកូននេះ ឲ្យជាអ្នកបំរើព្រះអង្គ អ្នកទ្រង់ឈ្នះមារ។ ទើបព្រះសាស្តាទទួលខ្ញុំ ហើយត្រាស់ពាក្យនេះនឹងព្រះអានន្ទថា អ្នកចូរបំបួសកុមារនេះឲ្យឆាប់ កុមារនេះនឹងបានជាបុរសអាជានេយ្យ។ លុះព្រះសាស្តាអ្នកឈ្នះមារ ទ្រង់ឲ្យបំបួសខ្ញុំរួចហើយ ក៏ស្តេចចូលទៅកាន់វិហារ នាកាលព្រះអាទិត្យមិនទាន់លិច លំដាប់នោះ ចិត្តរបស់ខ្ញុំក៏ផុតចាកអាសវៈ។ តពីនោះមក ព្រះសាស្តា ទ្រង់ចេញចាកទីសម្ងំ លះបង់ហើយ ត្រាស់នឹងខ្ញុំថា ម្នាលភទ្ទៈ អ្នកចូរមក ព្រះវាចានោះ បានជាឧបសម្បទារបស់ខ្ញុំ។ ខ្ញុំបានឧបសម្បទា ក្នុងអាយុ ៧ ឆ្នាំ អំពីកំណើត ខ្ញុំបានសម្រេចវិជ្ជា ៣ ហើយ ឱ! ព្រះធម៌ល្អណាស់តើ។
ភទ្ទត្ថេរ។
[២២៨] ខ្ញុំបានឃើញព្រះសាស្តា ព្រះអង្គឧត្តមជាងជន ដែលកំពុងចង្ក្រម ឰដ៏ម្លប់ប្រាសាទ គឺគន្ធកុដិ ក៏បានចូលទៅគាល់ព្រះសាស្តានោះក្នុងទីនោះ ហើយថ្វាយបង្គំនូវព្រះអង្គជាបុរសដ៏ឧត្តម។
ID: 636866925247264784
ទៅកាន់ទំព័រ៖