ព្រះត្រៃបិដក ភាគ ៥៧
ថេរគាថា វីសតិនិបាត
[២៤៩] (ចោរពោលថា) ក្នុងកាលមុន យើងខ្ញុំទាំងឡាយ សម្លាប់សត្វពួកណា ដើម្បីយញ្ញ ឬដើម្បីទ្រព្យ ភ័យក៏កើតមាន (ដល់សត្វពួកនោះ) ឥតមានសេសសល់ សត្វទាំងនោះ រមែងញាប់ញ័រផង សោកសៅផង។ សេចក្តីភិតភ័យនៃលោកមិនមាន ទាំងសម្បុរ (មុខលោក) ក៏ស្រស់បស់ក្រៃពេក ហេតុអ្វីក៏លោកមិនខ្សឹកខ្សួល ព្រោះភ័យធំ មានសភាពយ៉ាងនេះ។
(ព្រះអធិមុត្តត្ថេរពោលថា) ម្នាលចោរជាធំ សេចក្តីទុក្ខប្រព្រឹត្តទៅក្នុងចិត្តនៃបុគ្គលអ្នកមិនមានសេចក្តីអាឡោះអាល័យ មិនមានទេ បុគ្គលអ្នកមានសំយោជនៈអស់ហើយ បានកន្លងផុតនូវភ័យទាំងពួង។ កាលបើតណ្ហា ជាគ្រឿងនាំសត្វទៅកាន់ភព ក្នុងបច្ចុប្បន្នអស់ហើយ ដោយហេតុណាមួយ ភ័យចំពោះសេចក្តីស្លាប់ ក៏មិនមានឡើយ ដូចការមិនមានភ័យ ក្នុងកិរិយាដាក់ចុះនូវភារៈចេញ (អំពីក្បាល)។ ព្រហ្មចរិយធម៌ អាត្មាបានសន្សំល្អហើយ ទាំងមគ្គ អាត្មាក៏បានចំរើនល្អហើយ ភ័យចំពោះសេចក្តីស្លាប់នៃអាត្មាមិនមានទេ ដូចការមិនមានភ័យក្នុងកិរិយាអស់ទៅនៃរោគទាំងឡាយ។ ព្រហ្មចរិយធម៌ អាត្មាបានសន្សំល្អហើយ ទាំងមគ្គ អាត្មាក៏បានចំរើនល្អហើយ ភពទាំងឡាយ ដែលមិនមានសេចក្តីត្រេកអរ អាត្មាក៏បានឃើញហើយ ដូចបុគ្គលផឹកនូវថ្នាំពិស ហើយខ្ជាក់ចោលវិញ។
ID: 636866937954881618
ទៅកាន់ទំព័រ៖