ព្រះត្រៃបិដក ភាគ ៥៧
ចោរទាំងឡាយ បានស្ដាប់នូវសុភាសិតនៃឥសី (អធិមុត្តត្ថេរ) ក៏ទម្លាក់ចោលនូវគ្រឿងសស្រ្តាទាំងឡាយផង នូវអាវុធទាំងឡាយផង ពួកខ្លះក៏វៀរចាកចោរកម្មនោះ ពួកខ្លះក៏ពេញចិត្តនឹងបព្វជ្ជា។ ចោរទាំងនោះ ក៏ចូលទៅបួសក្នុងសាសនានៃព្រះសុគត ចំរើននូវពោជ្ឈង្គ និងពលៈទាំងឡាយ ជាបណ្ឌិត មានចិត្តខ្ពស់ឡើង មានចិត្តល្អ មានឥន្រ្ទិយចំរើនហើយ ក៏បានពាល់ត្រូវនូវនិព្វានបទ ជាអសង្ខតធម៌។
អធិមុត្តត្ថេរ។
[២៥០] ភិក្ខុឈ្មោះបារាសរិយៈ ជាសមណៈ អង្គុយតែម្នាក់ឯង ជាអ្នកស្ងប់ស្ងាត់ ចំរើនឈាន មានគំនិតថា បុរសគប្បីប្រតិបត្តិដោយលំដាប់ដូចម្ដេច គប្បីប្រព្រឹត្តនូវវត្តដូចម្ដេច នូវសមាចារៈដូចម្តេច ទើបឈ្មោះថា ជាអ្នកធ្វើនូវកិច្ចរបស់ខ្លួន ទាំងមិនបៀតបៀននូវអ្វីណាមួយ។ ឥន្រ្ទិយទាំងឡាយរបស់ពួកមនុស្ស មានដើម្បីជាប្រយោជន៍ផង មិនជាប្រយោជន៍ផង ឥន្ទ្រិយទាំងឡាយដែលគេមិនរក្សា ប្រព្រឹត្តទៅដើម្បីមិនជាប្រយោជន៍ ដែលគេរក្សាហើយ ប្រព្រឹត្តទៅដើម្បីជាប្រយោជន៍។ បុគ្គលកាលរក្សានូវឥន្ទ្រិយទាំងឡាយផង គ្រប់គ្រងនូវឥន្ទ្រិយទាំងឡាយផង ឈ្មោះថា ជាអ្នកធ្វើនូវកិច្ចរបស់ខ្លួន ទាំងមិនបៀតបៀននូវអ្វីណាមួយ។
ID: 636866938587507802
ទៅកាន់ទំព័រ៖