ព្រះត្រៃបិដក ភាគ ៥៧
[២២៩] ខ្ញុំ (កាលនៅជាតាបស) បានច្រូតស្បូវដោយដៃឯង ធើ្វកុដិសម្រាប់នៅ ព្រោះហេតុនោះ បានជាឈ្មោះរបស់ខ្ញុំថា សរភង្គ ដោយសម្មតិ។ ការច្រូតស្បូវដោយដៃ មិនគួរដល់ខ្ញុំក្នុងថ្ងៃនេះទេ ព្រោះសិក្ខាបទទាំងឡាយ ព្រះគោតមដ៏មានយស បានបញ្ញត្តហើយដល់យើង។ ខ្ញុំឈ្មោះសរភង្គ មិនបានឃើញរោគ ដែលពេញពោរទាំងអស់ ក្នុងកាលមុន រោគនោះ ដែលសរភង្គ អ្នកធើ្វតាមឱវាទនៃព្រះសម្មាសម្ពុទ្ធ ជាទេវតាដ៏ប្រសើរ បានឃើញហើយ។
ព្រះវិបស្សី ទ្រង់យាងទៅហើយតាមផ្លូវណា ព្រះសិខី ព្រះវេស្សភូ ព្រះកកុសន្ធៈ ព្រះកោនាគមនៈ និងព្រះកស្សបៈ ទ្រង់យាងទៅតាមផ្លូវណា ព្រះគោតម ទ្រង់យាងទៅតាមផ្លូវនោះដែរ។
ព្រះពុទ្ធទាំងឡាយ ៧ ព្រះអង្គ ប្រាសចាកតណ្ហា មិនមានសេចក្តីប្រកាន់ យាងចុះកាន់ព្រះនិព្វាន ព្រះអង្គមានធម្មកាយកើតហើយ ប្រកបដោយតាទិគុណ ទ្រង់សំដែងនូវធម៌នេះ គឺអរិយសច្ចៈ ៤ បានដល់ទុក្ខ សមុទ័យ មគ្គ និរោធ ជាទីអស់ទៅនៃទុក្ខ ដើម្បីអនុគ្រោះដល់ពួកសត្វ។
ID: 636866925797756270
ទៅកាន់ទំព័រ៖