ព្រះត្រៃបិដក ភាគ ៥៧
កុលបុត្របានចេញចាកផ្ទះ ចូលមកកាន់ផ្នួស ដើម្បីប្រយោជន៍ណា ប្រយោជន៍នោះ គឺការអស់ទៅនៃសំយោជនៈទាំងពួង អាត្មាភាពបានដល់ហើយ។
រដ្ឋបាលត្ថេរ។
[២៥៣] បុគ្គលកាលឃើញរូបហើយ ធើ្វទុកក្នុងចិត្តនូវនិមិត្តជាទីស្រឡាញ់ ស្មារតីរមែងភ្លាំងភ្លាត់ បុគ្គលនោះ រមែងមានចិត្តត្រេកអរ ទទួលយក លេបយកនូវអារម្មណ៍នោះ។ វេទនាទាំងឡាយជាច្រើន មានរូបជាដែនកើត រមែងចំរើនដល់បុគ្គលនោះ ចិត្តរបស់បុគ្គលនោះ រមែងចង្អៀតចង្អល់ ព្រោះអភិជ្ឈា (ការសំឡឹងរំពៃ) ផង ព្រោះវិហេសា (ការបៀតបៀន) ផង កាលបុគ្គលសន្សំយ៉ាងនេះ ទុក្ខ (រមែងប្រព្រឹត្តទៅ) បុគ្គលនោះ លោកពោលថា ឆ្ងាយអំពីព្រះនិព្វាន។ បុគ្គលកាលឮសំឡេងហើយ ធើ្វទុកក្នុងចិត្តនូវនិមិត្តជាទីស្រឡាញ់ ស្មារតីរមែងភ្លាំងភ្លាត់ បុគ្គលនោះ រមែងមានចិត្តត្រេកអរទទួលយក លេបយកនូវអារម្មណ៍នោះ។ វេទនាទាំងឡាយជាច្រើន មានសំឡេងជាដែនកើត រមែងចំរើនដល់បុគ្គលនោះ ចិត្តរបស់បុគ្គលនោះ រមែងចង្អៀតចង្អល់ ព្រោះអភិជ្ឈាផង ព្រោះ វិហេសាផង បុគ្គលកាលសន្សំយ៉ាងនេះ ទុក្ខ (រមែងប្រព្រឹត្តទៅ) បុគ្គលនោះ លោកពោលថា ឆ្ងាយអំពីព្រះនិព្វាន។
ID: 636866953781746863
ទៅកាន់ទំព័រ៖