ព្រះត្រៃបិដក ភាគ ៥៧
(សេលព្រាហ្មណ៍ ក្រាបទូលថា) បពិត្រព្រះមានព្រះភាគមានចក្ខុ ពួកខ្ញុំព្រះអង្គ បានដល់នូវទីពឹងណា ក្នុងថ្ងៃទី ៨ អំពីថ្ងៃនេះទៅ (ពួកខ្ញុំព្រះអង្គ) ជាបុគ្គលបានទូន្មានខ្លួន ក្នុងសាសនារបស់ព្រះអង្គ ដោយទីពឹងនោះ អស់ ៧ រាត្រី។ ព្រះអង្គជាព្រះពុទ្ធ ព្រះអង្គជាសាស្ដា ព្រះអង្គជាមុនី គ្របសង្កត់នូវមារ ព្រះអង្គបានកាត់បង់នូវអនុស័យ ឆ្លងរួចហើយ ទើបចម្លងពពួកសត្វនេះ។ ព្រះអង្គ បានកន្លងនូវឧបធិទាំងឡាយហើយ ព្រះអង្គបានទម្លាយនូវកិលេស ព្រមទាំងអាសវៈហើយ ព្រះអង្គជាបុគ្គលមិនមានសេចក្តីប្រកាន់ បានលះបង់នូវភ័យដ៏ពន្លឹក ដូចជាសត្វសីហៈ។ ពួកភិក្ខុទាំង ៣០០ នេះ ឈរផ្គងអញ្ជលីថា បពិត្រព្រះវីរបុរស សូមព្រះអង្គលាតនូវព្រះបាទទាំងឡាយ ពួកភិក្ខុជានាគ សូមថ្វាយបង្គំនូវព្រះបាទនៃព្រះសាស្ដា។
សេលត្ថេរ។
[២៥៥] ខ្ញុំព្រះអង្គយាត្រាដោយកដំរី ធ្លាប់ស្លៀកដណ្ដប់សំពត់សាច់មដ្ឋ បរិភោគបាយអង្ករនៃស្រូវសាលី លាយដោយសាច់ដ៏ស្អាត។ ថ្ងៃនេះ ព្រះភទ្ទិយៈជាបុត្រនៃសាក្យានី ឈ្មោះគោធានោះ ជាអ្នកចំរើនដោយគុណ ព្យាយាមជាប់មិនដាច់ ត្រេកអរចំពោះអាហារ ដែលមកដល់បាត្រ ដោយការស្វែងរក មិនមានសេចក្តីប្រកាន់ ចំរើនឈាន។ ព្រះភទ្ទិយៈជាបុត្រនៃសាក្យានី ឈ្មោះគោធា ជាអ្នកសមាទានបំសុកូលិកង្គធុតង្គ ព្យាយាមជាប់មិនដាច់ ត្រេកអរចំពោះអាហារដែលមកដល់បាត្រដោយការស្វែងរក មិនមានសេចក្តីប្រកាន់ ចំរើនឈាន។
ID: 636866955780541187
ទៅកាន់ទំព័រ៖