ព្រះត្រៃបិដក ភាគ ៥៧
ថេរគាថា អដ្ឋកនិបាត
[២៣០] បព្វជិតមិនគប្បីធើ្វនូវកម្មច្រើនទេ គប្បីលះបង់ជន (បាបមិត្ត) មិនគប្បីខ្វល់ខ្វាយ (ដើម្បីលាភទេ) ព្រោះបព្វជិតអ្នកខ្វល់ខ្វាយ ជាប់ចិត្តក្នុងរស រមែងលះបង់ប្រយោជន៍ដែលនាំមកនូវសេចក្តីសុខ។ ការថ្វាយបង្គំ និងការបូជាណា ក្នុងត្រកូលទាំងឡាយ ពួកព្រះអរិយៈ ដឹងច្បាស់នូវការថ្វាយបង្គំ និងការបូជានោះថា ដូចជាភក់ ទាំងដឹងថា ជាសរដ៏ឆ្មារ គេកម្រដកបាន ជាគ្រឿងសកា្ករៈដែលបុរសអាក្រក់ លះបង់បានដោយកម្រ។
បុគ្គលមិនគប្បីសេពនូវអំពើអាក្រក់ដោយខ្លួនឯង ព្រោះបំពេញ (ទុក្ខ) ដល់សត្វដទៃ (ទាំងមិនញ៉ាំងបុគ្គលដទៃ ឲ្យសេពនូវអំពើអាក្រក់នោះ) ព្រោះថា សត្វទាំងឡាយ មានកម្មជាផៅពង្ស។ បុគ្គលជាចោរ ព្រោះពាក្យអ្នកដទៃក៏ទេ បុគ្គលជាអ្នកប្រាជ្ញ ព្រោះពាក្យអ្នកដទៃក៏ទេ បុគ្គលដឹងខ្លួនឯងយ៉ាងណា សូម្បីពួកទេវតា ក៏ដឹងបុគ្គលនោះ ដូច្នោះដែរ។ ពួកជនផ្តេសផ្តាស រមែងមិនដឹងច្បាស់ថា យើងទាំងឡាយនឹងលំបាកក្នុងលោកនេះ តែពួកជនណា ដឹងច្បាស់ក្នុងដំណើរនោះ ការជំលោះ តែងស្ងប់រម្ងាប់ទៅ អំពីសំណាក់ពួកជននោះ។ បុគ្គលប្រកបដោយបញ្ញា បើទុកជាអស់សម្បត្តិរលីងធេង ក៏ឈ្មោះថារស់នៅ ឯបុគ្គលមានសម្បត្តិ ឈ្មោះថាមិនរស់នៅ ព្រោះការមិនបាននូវបញ្ញា។
ID: 636866927835182804
ទៅកាន់ទំព័រ៖