ព្រះត្រៃបិដក ភាគ ៥៧
[២៥៧] អនុរុទ្ធ បានលះបង់នូវមាតា បិតា បងប្អូនស្រី ញាតិ និងបងប្អូនប្រុសទាំងឡាយ លះបង់នូវកាមគុណ ៥ ហើយចំរើននូវឈាន។ (ក្នុងកាលមុន) អនុរុទ្ធ ជាអ្នកបរិបូណ៌ដោយរបាំ និងចម្រៀង ភ្ញាក់រលឹកដោយគ្រឿងប្រគំ ជាអ្នកត្រេកអរតែក្នុងវិស័យរបស់មារ ក៏មិនបានដល់នូវសេចក្តីបរិសុទ្ធិ ដោយហេតុនោះ។ (ឥឡូវនេះ) អនុរុទ្ធ បានកន្លងនូវវិស័យរបស់មារនុ៎ះហើយ ត្រេកអរក្នុងសាសនារបស់ព្រះពុទ្ធ បានឆ្លងផុតនូវឱឃៈទាំងពួង ចំរើនឈាន។ អនុរុទ្ធ បានកន្លងនូវរូប សំឡេង ក្លិន រស ផ្សព្វ ជាទីគាប់ចិត្តទាំងនុ៎ះ ចំរើនឈាន។ អនុរុទ្ធ ជាបុគ្គលម្នាក់ឯង មិនមានតណ្ហាជាគំរប់ពីរ ជាអ្នកប្រាជ្ញមិនមានអាសវៈ ត្រឡប់អំពីបិណ្ឌបាត ស្វែងរកនូវចីវរបង្សុកូលទាំងឡាយ។ អនុរុទ្ធ ជាអ្នកប្រាជ្ញ មានយោបល់មិនមានអាសវៈ រើសកាន់យក គក់លាង ជ្រលក់ ប្រើប្រាស់ នូវចីវរបង្សុកូលទាំងឡាយ។ បុគ្គលណា មានសេចក្តីប្រាថ្នាច្រើន មិនមានសន្តោស ជាអ្នកច្រឡំដោយពួក មានចិត្តរាយមាយ ធម៌ដ៏លាមក ជាគ្រឿងសៅហ្មងទាំងនេះ តែងកើតមានដល់បុគ្គលនោះ។ បុគ្គលណា ជាអ្នកមានស្មារតី មានសេចក្តីប្រាថ្នាតិច ជាអ្នកសន្តោស មិនមានចិត្តចង្អៀតចង្អល់ ត្រេកអរក្នុងទីស្ងាត់ ជាអ្នកស្ងាត់ មានការព្យាយាមតឹងតែងជានិច្ច
ID: 636866960102588394
ទៅកាន់ទំព័រ៖