ព្រះត្រៃបិដក ភាគ ៥៨
កុរុង្គវគ្គ ទី៣
កុរុង្គមិគជាតក ទី១
[២១] (ប្រើសពោធិសត្វ ពោលថា) ម្នាលដើមចម្បក់ អ្នកជម្រុះផ្លែមកដោយហេតុណា ហេតុនុ៎ះ អញជាប្រើសបានដឹងហើយ អញនឹងទៅកាន់ដើមចម្បក់ឯទៀត ផ្លែរបស់អ្នក អញមិនពេញចិត្តទេ។
ចប់ កុរុង្គមិគជាតក ទី១។
កុក្កុរជាតក ទី២
[២២] (សុនខពោធិសត្វ ពោលថា) ពួកឆ្កែណាកើតក្នុងរាជត្រកូល បរិបូណ៌ដោយសម្បុរ និងកំឡាំង ចំរើនហើយក្នុងរាជត្រកូល ឆ្កែទាំងនោះ គេមិនសម្លាប់ទេ យើងទាំងឡាយត្រូវគេសម្លាប់ នេះមិនឈ្មោះថាសម្លាប់ដោយត្រឹមត្រូវឡើយ នេះឈ្មោះថាសម្លាប់តែឆ្កែដែលមានកំឡាំងខ្សោយ។
ចប់ កុក្កុរជាតក ទី២។
ភោជាជានីយជាតក ទី៣
[២៣] (សេះអាជានេយ្យពោធិសត្វ ពោលថា) សេះភោជាជានីយ សូម្បីត្រូវសរទាំងឡាយមុតហើយ ដេកផ្អៀង គង់ប្រសើរជាងសេះសាម័ញ្ញ នែសារថី អ្នកចូរទឹមខ្ញុំដោយគ្រឿងក្រឹសទាំងឡាយចុះ។
ចប់ ភោជាជានីយជាតក ទី៣។
ID: 636867203556073137
ទៅកាន់ទំព័រ៖