ព្រះត្រៃបិដក ភាគ ៥៨
កាសាវវគ្គ ទី៨
កាសាវជាតក ទី១
[២៩១] (ដំរីពោធិសត្វ ពោលថា) បុគ្គលណា មានទឹកចត់ គឺកិលេសមិនទាន់លះចេញហើយ ជាអ្នកប្រាសចាកទមៈ (ការទូន្មាននូវឥន្រ្ទិយ) និងសច្ចៈ និងស្លៀកដណ្ដប់នូវសំពត់ ដែលជ្រលក់ដោយទឹកចត់ បុគ្គលនោះ មិនគួរនឹងស្លៀកដណ្ដប់នូវសំពត់ជ្រលក់ដោយទឹកចត់ឡើយ។
[២៩២] ចំណែកខាងបុគ្គលណា មានទឹកចត់ គឺកិលេសខ្ជាក់ចោលហើយ មានចិត្តតាំងមាំល្អក្នុងសីលទាំងឡាយ ជាអ្នកប្រកបដោយទមៈ និងសច្ចៈ បុគ្គលនោះឯង ទើបគួរនឹងស្លៀកដណ្ដប់នូវសំពត់ជ្រលក់ដោយទឹកចត់បាន។
ចប់ កាសាវជាតក ទី១។
ចុល្លននិ្ទយជាតក ទី២
[២៩៣] (នាយព្រាន ពោលថា) បារាសរិយព្រាហ្មណ៍ បានពោលនូវពាក្យណាថា បាបកម្មណា ដែលធ្វើហើយ ញ៉ាំងអ្នកឲ្យក្ដៅក្រហាយ ក្នុងកាលជាខាងក្រោយ អ្នកកុំធ្វើបាបកម្មនោះឡើយ នេះជាពាក្យរបស់អាចារ្យ។
ID: 636867278514000485
ទៅកាន់ទំព័រ៖