ព្រះត្រៃបិដក ភាគ ៥៨
កុម្ភីលជាតក ទី៤
[២៩៧] (ក្រពើ បាននិយាយថា) បុគ្គលណាមានធម៌ ៤ យ៉ាង គឺសច្ចៈ ១ សុចរិតធម៌ ១ សេចក្ដីព្យាយាម ១ ចាគៈ ១ ជាគុណដ៏ចំរើនក្រៃលែង បុគ្គលនោះ រមែងកន្លងនូវសត្រូវបាន។
[២៩៨] ចំណែកបុគ្គលណា មិនមានធម៌ ៤ យ៉ាងនេះ គឺសច្ចៈ ១ សុចរិតធម៌ ១ សេចក្ដីព្យាយាម ១ ចាគៈ ១ ជាគុណដ៏ចំរើនក្រៃលែង បុគ្គលនោះ រមែងមិនកន្លងនូវសត្រូវបានទេ។
ចប់ កុម្ភីលជាតក ទី៤។
ខន្តិវណ្ណនជាតក ទី៥
[២៩៩] (អាមាត្យ បានក្រាបទូលថា) បពិត្រព្រះសម្មតិទេព មានបុរសរបស់ទូលព្រះបង្គំម្នាក់ ជាអ្នកខ្វល់ខ្វាយក្នុងកិច្ចការទាំងពួង តែបុរសនោះ មានកំហុសមួយ ព្រះអង្គទ្រង់សំគាល់ក្នុងកំហុសរបស់បុរសនោះថា គួរនឹងធ្វើដូចម្ដេច។
[៣០០] (ព្រះរាជាពោធិសត្វ មានព្រះបន្ទូលថា) បុរស (ជាអ្នកប្រទូស្ត) ក្នុងផ្ទះរបស់យើងមានដែរ ឯបុរសបែបនេះ (ឥឡូវនេះ) មានក្នុងទីនេះ តែបុរសអ្នកប្រកបដោយចំណែកនៃគុណ គេរកបានដោយកម្រ បានជាយើងចូលចិត្តអត់ធន់។
ចប់ ខន្តិវណ្ណនជាតក ទី៥។
ID: 636867279422012421
ទៅកាន់ទំព័រ៖