ព្រះត្រៃបិដក ភាគ ៥៨
ទុតិយបលាយិជាតក ទី១០
[៣០៩] (ព្រះរាជាគន្ធារៈ ទ្រង់ត្រាស់ថា) ទង់សម្រាប់រថប្រមាណមិនបាន ពលពាហនៈមានត្រើយមិនមានទីបំផុត (រាប់មិនបាន) ពួកសត្រូវគ្របសង្កត់បានដោយក្រ ដូចជាសមុទ្ទសាគរ ដែលហ្វូងក្អែក (គ្របសង្កត់បានដោយក្រ) (ពួកពលរបស់យើងនេះ) ពួកពលដទៃគ្របសង្កត់បានដោយក្រ ដូចជាភ្នំដែលខ្យល់គ្របសង្កត់បានដោយក្រ ក្នុងថ្ងៃនេះ អាត្មាអញប្រកបដោយពលប្រាកដដូច្នោះ កម្រអ្នកណានឹងគ្របសង្កត់បាន។
[៣១០] (ព្រះរាជាពារាណសីពោធិសត្វ ពោលថា) ព្រះអង្គកុំនិយាយនូវអំពើពាលឡើយ ព្រោះបុគ្គលប្រហែលដូចព្រះអង្គ មិន (អាចយករាជសម្បត្តិបានទេ) ព្រះអង្គក្ដៅអន្ទះអន្ទែង (ដោយភ្លើង គឺរាគៈ ទោសៈ មោហៈ និងមានៈតែប៉ុណ្ណោះ) ដ្បិតថា ព្រះអង្គរមែងមិនបាននូវបុគ្គលប្រាកដស្មើដោយខ្ញុំ ដែលជាអ្នកកំចាត់បង់ទេ ដំរីណា នឹងគក់បោកនូវព្រះអង្គ ដូចជាជាន់ឈ្លីនូវដើមបបោសដោយជើង ព្រះអង្គដូចជាដំរី (ចុះប្រេង) ចូលទៅរក ត្រាច់ទៅតែម្នាក់ឯងនោះ។
ចប់ ទុតិយបលាយិជាតក ទី១០។
ចប់ កាសាវវគ្គ ទី៨។
ID: 636867280710386111
ទៅកាន់ទំព័រ៖