ព្រះត្រៃបិដក ភាគ ៥៨
តិត្តិរជាតក ទី៧
[៣៧] (ព្រះសាស្តា ទ្រង់ត្រាស់ថា) ពួកជនណា ជាអ្នកឈ្លាសក្នុងធម៌ ប្រព្រឹត្តកោតក្រែងចំពោះបុគ្គលដែលចំរើនហើយ ពួកជននោះ អ្នកផងគប្បីសរសើរ ក្នុងបច្ចុប្បន្នផង សម្បរលោក គឺសុគតិ ក៏កើត (ដល់ពួកជននោះ) ផង។
ចប់ តិត្តិរជាតក ទី៧។
ពកជាតក ទី៨
[៣៨] (រុក្ខទេវតាពោធិសត្វ ពោលថា) បុគ្គលមានបា្រជ្ញាជាគ្រឿងបញ្ឆោត រមែងមិនដល់សេចក្តីសុខ អស់កាលជានិច្ច ព្រោះបញ្ញាជាគ្រឿងបញ្ឆោតឡើយ បុគ្គលមានបា្រជ្ញាជាគ្រឿងបញ្ឆោត (នោះ) រមែងបាន (នូវលទ្ធផលអាក្រក់) ដូចសត្វកុក (បាននូវការដាច់ក) អំពីក្តាម។
ចប់ ពកជាតក ទី៨។
នន្ទជាតក ទី៩
[៣៩] (កុដុម្ពិកពោធិសត្វ ពោលថា) យើងសំគាល់ថា គំនរមាស និងកម្រងមាស មានក្នុងទីដែលខ្ញុំប្រុសឈ្មោះនន្ទកៈ ជាកូនរបស់ខ្ញុំស្រី ឈ្មោះអាមា ឈរពោលនូវពាក្យអាក្រក់នោះ។
ចប់ នន្ទជាតក ទី៩។
ID: 636867206582186221
ទៅកាន់ទំព័រ៖