ព្រះត្រៃបិដក ភាគ ៥៨
[៤៧៦] នាងសុបស្សា ជាភរិយារបស់ស្ដេចក្អែកនោះ មានសេចក្ដីចាញ់ផ្ទៃ ចង់បរិភោគនូវក្រយាស្ងោយមានថ្លៃច្រើន ដែលនាយពិសេសចំអិន ដើម្បីថ្វាយព្រះរាជា ក្នុងរោងសំរាប់ចំអិនក្រយាស្ងោយ។
[៤៧៧] ឯខ្ញុំព្រះអង្គជារាជទូតរបស់ស្ដេចក្អែកទាំងនោះ ត្រូវស្ដេចបញ្ជូនមក បានជាមកក្នុងទីនេះ ខ្ញុំព្រះអង្គធ្វើនូវសេចក្ដីគោរព ចំពោះម្ចាស់ ហើយបានធ្វើឲ្យមានរបួស ត្រង់ច្រមុះ (របស់នាយពិសេស)។
ចប់ សុបត្តជាតក ទី២។
កាយនិព្វិន្ទជាតក ទី៣
[៤៧៨] (តាបសពោធិសត្វ ពោលថា) កាលអញត្រូវព្យាធិរោគណាមួយប៉ះពាល់ហើយ ដល់នូវសេចក្ដីទុក្ខយ៉ាងខ្លាំងក្លា ដែលរោគកំពុងបៀតបៀន រាងកាយនេះ ដ៏នឹងរីងស្ងួតយ៉ាងឆាប់ ដូចជាផ្កាឈើដែលគេដោតលើអាចម៍ដី ដ៏ក្ដៅ (ក៏ស្ងួតដូច្នោះ)។
[៤៧៩] (រាងកាយនេះ) មិនជាទីគាប់ចិត្ត តែជនពាលពោលថា ជាទីគាប់ចិត្ត មិនស្អាតទេ តែជនពាល សន្មតថាជារបស់ស្អាត រាងកាយដ៏ពេញប្រៀប ដោយសាកសពផ្សេង ៗ មានសភាពជាទីគាប់ចិត្តនៃជនពាល។
ID: 636867309017035159
ទៅកាន់ទំព័រ៖