ព្រះត្រៃបិដក ភាគ ៥៨
[៥០៨] ការសំដែងនូវសេចក្ដីស្និទ្ធស្នាល និងការបរិភោគរួម ឲ្យវិសេសក្នុងពួកជនអ្នកមានធម៌មិនប្រសើរ ជាអ្នកអួតអាង ក៏រមែងវិនាស ម្យ៉ាងទៀត សូម្បីទានបន្តិចបន្តួច ដែលបុគ្គលធ្វើហើយ ចំពោះពួកព្រះអរិយៈផង ចំពោះពួកបុគ្គលអ្នកមានចិត្តស្លូតត្រង់ផង ជាទានមានផលច្រើន។
[៥០៩] បុគ្គលណា បានធ្វើឧបការៈដ៏ល្អទុកហើយ ក្នុងកាលមុន បុគ្គលនេះ ឈ្មោះថា បានធ្វើអំពើដែលគេធ្វើបានដោយក្រក្រៃពេកក្នុងលោក លុះដល់កាលជាខាងក្រោយ បុគ្គលនោះ ធ្វើ (គុណនីមួយដទៃទៀតក្ដី) មិនធ្វើក្ដី ក៏ឈ្មោះថាជាបុគ្គលគួរដល់កិរិយាបូជាដោយពិត។
ចប់ មហាអស្សារោហជាតក ទី២។
ឯករាជជាតក ទី៣
[៥១០] (ព្រះបាទទុព្ភិសេន ទ្រង់ត្រាស់ថា) បពិត្រព្រះអង្គ ជាឯករាជ កាលពីដើម ព្រះអង្គនៅសោយកាមគុណទាំងឡាយ ជារបស់ស្ដុកស្ដម្ភ រកអ្វីប្រសើរជាងគ្មាន ឥឡូវនេះ ព្រះអង្គនោះ គេបោះទៅក្នុងរណ្ដៅក្រហេងក្រហូងហើយ នៅតែមិនលះបង់នូវពណ៌សម្បុរ និងកម្លាំងពីដើម។
ID: 636867312452311646
ទៅកាន់ទំព័រ៖