ព្រះត្រៃបិដក ភាគ ៥៨
ទទ្ទរជាតក ទី៤
[៥១៤] (នាគឈ្មោះចុល្លទទ្ទរៈ ពោលថា) បពិត្រមហាទទ្ទរៈ ពាក្យអាក្រក់ទាំងឡាយនេះ ក្នុងមនុស្សលោក ធ្វើខ្ញុំឲ្យក្ដៅក្រហាយ ឯពួកក្មេងទាំងឡាយនេះ មិនមានពិសសោះ ប៉ុន្តែហ៊ានជេរខ្ញុំដែលមានពិស ថាជាអ្នកស៊ីកង្កែបផង នៅក្នុងទឹកផង។
[៥១៥] (នាគឈ្មោះមហាទទ្ទរៈ និយាយតបទៅវិញថា) បុគ្គលដែលគេបំបរបង់ចេញចាកដែនរបស់ខ្លួនហើយ ទៅកាន់ជនបទឯទៀត ត្រូវធ្វើជង្រុកឲ្យធំ ដើម្បីដាក់នូវពាក្យអាក្រក់ទាំងឡាយចុះ។
[៥១៦] ពួកជនមិនដឹងនូវបុរសដោយជាតិ ឬដោយវិន័យ គឺគុណសម្បត្តិក្នុងទីណា បុគ្គលកាលនៅក្នុងសំណាក់នៃពួកជនដែលខ្លួនមិនស្គាល់ មិនត្រូវធ្វើសេចក្ដីប្រកាន់ក្នុងទីនោះឡើយ។
[៥១៧] បុគ្គលប្រកបដោយប្រាជ្ញា (សូម្បីមានអានុភាព) ស្មើដោយភ្លើង កាលនៅក្នុងប្រទេសដទៃ ត្រូវតែអត់សង្កត់ពាក្យ ទោះបីមនុស្សជាខ្ញុំគេ គម្រាមក៏ដោយ។
ចប់ ទទ្ទរជាតក ទី៤។
ID: 636867313108319167
ទៅកាន់ទំព័រ៖