ព្រះត្រៃបិដក ភាគ ៥៨
បុចិមន្ទវគ្គ ទី២
បុចិមន្ទជាតក ទី១
[៥៤២] (និម្ពរុក្ខទេវតា ពោលថា) ម្នាលចោរ អ្នកចូរក្រោកឡើង អ្នកដេកធ្វើអ្វី ប្រយោជន៍អ្វីដោយការដេកលក់របស់អ្នក កុំឲ្យរាជបុរសទាំងឡាយ ចាប់អ្នកដែលធ្វើកម្មអាក្រក់ក្នុងស្រុកឡើយ។
[៥៤៣] (អស្សត្ថទេវតា និយាយថា) រាជបុរសទាំងឡាយនឹងចាប់តែចោរដែលធ្វើកម្មអាក្រក់ក្នុងស្រុកទេតើ ប្រយោជន៍អ្វីដល់បុចិមន្ទទេវតា ដែលឋិតនៅក្នុងព្រៃនោះ។
[៥៤៤] (បុចិមន្ទទេវតា ពោលថា) ម្នាលអស្សត្ថទេវតា អ្នកមិនដឹងនូវទោសនៃខ្ញុំផង នៃចោរផង ពួករាជបុរសចាប់បានចោរ អ្នកធ្វើអំពើអាក្រក់ក្នុងស្រុក ហើយដោតចោរនោះដោយមែកស្ដៅស្រួច ខ្ញុំរង្កៀសចិត្តក្នុងហេតុនោះ។
[៥៤៥] (អស្សត្ថទេវតា ពោលថា) អ្នកប្រាជ្ញគប្បីរក្សានូវហេតុដែលគួររង្កៀស គប្បីរក្សានូវភ័យដែលមិនទាន់មកដល់ អ្នកប្រាជ្ញតែងសំឡឹងមើលនូវលោកទាំងពីរ ព្រោះអនាគតភ័យ។
ចប់ បុចិមន្ទជាតក ទី១។
ID: 636867316044367099
ទៅកាន់ទំព័រ៖