ព្រះត្រៃបិដក ភាគ ៥៨
កស្សបមន្ទិយជាតក ទី២
[៥៤៦] (តាបសពោធិសត្វ ពោលថា) បពិត្រកស្សបជាបិតា បើក្មេងតូចជេរ ឬវាយ ព្រោះវាជាក្មេង បណ្ឌិតអ្នកមានប្រាជ្ញា តែងអត់សង្កត់នូវកំហុសទាំងអស់នោះ។
[៥៤៧] ប្រសិនបើសប្បុរសទាំងឡាយ ទាស់ទែងគ្នា សប្បុរសរមែងតបានវិញយ៉ាងឆាប់ ឯក្មេងពាលទាំងឡយ រមែងបែកគ្នាដូចបាត្រដី ក្មេងពាលទាំងនោះ មិនដល់នូវការស្ងប់រម្ងាប់ឡើយ។
[៥៤៨] ជនណាដឹងនូវទោស ដែលខ្លួនធ្វើឲ្យកន្លងហួសទៅហើយផង ជនណាដឹងនូវការសំដែងនូវទោសផង ជនទាំងពីរពួកនោះ (បើទុកជាបែកគ្នាហើយ) ច្រើនរួបរួមគ្នាវិញបាន ការតមិត្តរបស់ជនទាំងពីរពួកនោះ មិនរលុបរលាយឡើយ។
[៥៤៩] ជនណា គួរតនូវមិត្តភាពរបស់ពួកជនដទៃដែលទោសគ្របសង្កត់ហើយ ដោយខ្លួនឯងបាន ជននោះជាមនុស្សខ្ពង់ខ្ពស់លើសលុប ជាមនុស្សនាំទៅនូវភារៈបាន ជាមនុស្សទ្រទ្រង់នូវធុរៈបាន។
ចប់ កស្សបមន្ទិយជាតក ទី២។
ID: 636867316412778171
ទៅកាន់ទំព័រ៖