ព្រះត្រៃបិដក ភាគ ៥៨
ចុល្លកុណាលវគ្គ ទី៥
កុណ្ឌលិកជាតក ទី១
[៦៦២] (ព្រះអង្គ ត្រាស់ថា) ស្ត្រីទាំងឡាយ អ្នកធ្វើនូវសេចក្ដីត្រេកអរ ចំពោះបុរសទាំងឡាយ ជាស្ត្រីមានចិត្តច្រើនផង ផ្ទញ់ផ្ទាល់មិនបានផង ប្រសិនបើស្រ្តីទាំងអស់ ធ្វើនូវសេចក្ដីពេញចិត្ត (ចំពោះបុរស) ដោយខ្លួនឯងក៏ដោយ បុរសមិនគប្បីទុកចិត្តទេ ព្រោះថា ស្រីទាំងឡាយ ស្មើដោយកំពង់ទឹក។
[៦៦៣] ហេតុនៃសេចក្ដីធុញទ្រាន់ណា នៃព្រះរាជាទ្រង់ព្រះនាមកិន្នរៈ និងនាងទេវីទ្រង់ព្រះនាមកិន្នរី (ហេតុនៃសេចក្ដីធុញទ្រាន់នោះ) បុគ្គលឃើញហើយ (គប្បីដឹងចុះ) ស្រីទាំងពួង រមែងមិនត្រេកអរ (នឹងស្វាមី) ក្នុងផ្ទះរបស់ខ្លួន នាងកិន្នរីទេវី ជាភរិយា លះបង់នូវព្រះរាជាកិន្នរៈនោះ ជាស្វាមីប្រាកដដូច្នោះ ព្រោះតែឃើញនូវបុរសខ្វិនដទៃ។
[៦៦៤] នាងបញ្ចបាបី ជាភរិយារបស់ព្រះបាទពកៈផង របស់ព្រះបាទពាវរិកៈផង ដែលលុះក្នុងកាមដ៏ជ្រុលពេក ក៏បានប្រព្រឹត្តបទមិនគួរ ជាមួយនឹងបុរសអ្នកបម្រើ ធ្វើម្ដេចហ្ន៎ ស្រ្ដីមិនប្រព្រឹត្តបទមិនគួរ នឹងបុរសដទៃនោះ។
ID: 636867335191912276
ទៅកាន់ទំព័រ៖