ព្រះត្រៃបិដក ភាគ ៥៨
កុសនាឡិវគ្គ ទី១៣
កុសនាឡិជាតក ទី១
[១២១] (រុក្ខទេវតា ពោលថា) ជនស្មើគ្នាក្តី ទាំងជនប្រសើរជាងក្តី គប្បីធ្វើ (នូវមិត្តធម៌) សូម្បីជនម្នាក់ជាអ្នកថោកទាប ក៏គប្បីធ្វើ (នូវមិត្តធម៌ដែរ) ព្រោះមិត្តទាំងនោះ គប្បីធ្វើនូវប្រយោជន៍ដ៏ឧត្តមក្នុងកាលដែលមានសេចក្តីវិនាស ដូចជាខ្ញុំជាទេវតា ឈ្មោះកុសនាឡិ និងទេវតាឈ្មោះរុចា ធ្វើនូវប្រយោជន៍ដ៏ឧត្តម (ក្នុងកាលដែលមានសេចក្តីវិនាស)។
ចប់ កុសនាឡិជាតក ទី១។
ទុម្មេធជាតក ទី២
[១២២] (ទ្រម័កដំរី ពោលថា) បុគ្គលឥតប្រាជ្ញា បានយសបរិវារហើយ តែងប្រព្រឹត្តនូវកម្មមិនជាប្រយោជន៍ដល់ខ្លួន ទំាងប្រតិបត្តិ ដើម្បីបៀតបៀនដល់ខ្លួនឯងផង ដល់ជនទំាងឡាយដទៃផង។
ចប់ ទុម្មេធជាតក ទី២។
ID: 636867240596161709
ទៅកាន់ទំព័រ៖