ព្រះត្រៃបិដក ភាគ ៥៨
បុប្ផរត្តជាតក ទី៧
[១៤៧] (មនុស្សទុគ៌ត ពោលថា) ក្អែកចោះអញ ដោយហេតុណា ហេតុនេះ មិនជាទុក្ខទេ សេចក្ដីទុក្ខនោះ ក៏មិនមានដល់យើងឡើយ ទុក្ខមានដល់យើងនោះ ត្រង់ភរិយាឈ្មោះសាមា មិនស្លៀកសណ្ដប់សំពត់ ដែលជ្រលក់ដោយទឹកដកគាំ ដើរមើលមហោស្រព ក្នុងខែកត្តិក។
ចប់ បុប្ផរត្តជាតក ទី៧។
សិង្គាលជាតក ទី៨
[១៤៨] (ចចកពោធិសត្វ ពោលថា) យើងនឹងមិនចូលកាន់ពោះដំរីទៀត យើងនឹងមិនចូលកាន់ពោះដំរីទៀត យើងនឹងមិនចូលកាន់ពោះដំរីញយ ៗ ទេ ព្រោះយើងត្រូវភ័យគម្រាមហើយ ដូច្នោះ។
ចប់ សិង្គាលជាតក ទី៨។
ឯកបណ្ណជាតក ទី៩
[១៤៩] (ឥសីពោធិសត្វ ពោលថា) ឈើនេះ ទើបតែនឹងមានស្លឹកតែមួយ ៗ ដុះអំពីផែនដី មិនទាន់ដល់ ៤ធ្នាប់ មានផ្លែដូចជាថ្នាំពិសទៅហើយ ចំណង់ឈើនេះធំឡើង នឹងដូចម្ដេចទៅទៀត។
ចប់ ឯកបណ្ណជាតក ទី៩។
ID: 636867246108426992
ទៅកាន់ទំព័រ៖