ព្រះត្រៃបិដក ភាគ ៥៨
[១៦៤] (សីហៈពោធិសត្វ ពោលថា) ប្រសិនបើមិត្រមានកំឡាំងខ្សោយ តែតាំងនៅក្នុងមិត្រធម៌ទាំងឡាយ បុគ្គលនោះ ហៅថាជាញាតិផង ជាផៅពង្សផង បុគ្គលនោះហៅថា មិត្រផង បុគ្គលនោះហៅថា សំឡាញ់របស់យើងផង ម្នាលមេម្រឹគមានចង្កូម នាងកុំមើលងាយចចកឈ្មោល និងចចកញីជាសំឡាញ់យើងឡើយ ព្រោះចចក ជាអ្នកឲ្យជីវិតដល់យើង។
ចប់ គុណជាតក ទី៧។
សុហនុជាតក ទី៨
[១៦៥] (អមាត្យពោធិសត្វ ពោលថា) សេះឈ្មោះសុហនុ ធ្វើនូវសេចក្ដីស្រឡាញ់នេះ ជាមួយនឹងសេះឈ្មោះសោណៈ មិនមែនដោយមារយាទមិនស្មើគ្នាទេ សេចក្ដីប្រព្រឹត្តរបស់សេះឈ្មោះសោណៈយ៉ាងណា សេះឈ្មោះសុហនុ ក៏ប្រាកដយ៉ាងនោះដែរ។
[១៦៦] អំពើរមែងស្មើគ្នាដោយការស្ទុះទៅ និងការឃ្នើសឃ្នង និងការខាំកាត់នូវខ្សែជានិច្ច អំពើអាក្រក់ស្មើគ្នា ដោយអំពើអាក្រក់ ការមិនរៀបរយស្មើគ្នា ដោយការមិនរៀបរយ។
ចប់ សុហនុជាតក ទី៨។
ID: 636867248520874977
ទៅកាន់ទំព័រ៖