ព្រះត្រៃបិដក ភាគ ៥៨
សន្ថវវគ្គ ទី២
ឥន្ទសមានគោត្តជាតក ទី១
[១៧១] (តាបសពោធិសត្វ ពោលថា) បុគ្គលកុំគប្បីធ្វើសេចក្តីស្និទ្ធស្នាលជាមួយនឹងបុរសលាមក អរិយបុគ្គល ដឹងច្បាស់នូវប្រយោជន៍ (ក៏មិនគប្បីធ្វើនូវសេចក្ដីស្និទ្ធស្នាល ជាមួយនឹងបុគ្គលមិនមែនជាអរិយៈ (បុគ្គលមិនមែនជាអរិយៈ) សូម្បីនៅជាមួយគ្នាអស់កាលយូរ រមែងធ្វើអំពើអាក្រក់ ដូចជាដំរីកាលព្រេចនូវតាបសឈ្មោះឥន្ទសមានគោត្រ។
[១៧២] បុគ្គលគប្បីដឹងនូវជនណាថា បុគ្គលនេះស្មើគ្នា ដោយសីលផង បញ្ញាផង សុតៈផង របស់អញ គប្បីធ្វើនូវមេត្រីជាមួយនឹងជននោះចុះ (ព្រោះ) ការគប់រកដោយសប្បុរស តែងនាំមកនូវសេចក្ដីសុខដោយពិត។
ចប់ ឥន្ទសមានគោត្តជាតក ទី១។
សន្ថវជាតក ទី២
[១៧៣] (តាបសពោធិសត្វ ពោលថា) ការស្និទ្ធស្នាលណា ជាមួយនឹងបុរសលាមក របស់ដទៃលាមកក្រៃលែងជាងការស្និទ្ធស្នាល (នោះ) មិនមានទេ ដូចជាភ្លើងដែលយើងឲ្យឆ្អែតដោយសប្បិ និងបាយាស នៅតែឆេះខ្ទមស្លឹកដែលយើងធ្វើហើយដោយលំបាក។
ID: 636867249707482847
ទៅកាន់ទំព័រ៖