ព្រះត្រៃបិដក ភាគ ៥៨
រុហកវគ្គ ទី៥
រុហកជាតក ទី១
[២៣១] (ព្រះរាជាពោធិសត្វ ត្រាស់ថា) ម្នាលរុហកព្រាហ្មណ៍ដ៏ចំរើន ខ្សែបន្លោះធ្នូសូម្បីដាច់ហើយ គេតឲ្យជាប់វិញ អ្នកចូរតភ្ជាប់ជាមួយនឹងនាងបូរាណីវិញចុះ កុំលុះក្នុងអំណាចនៃសេចក្ដីក្រោធឡើយ។
[២៣២] (រុហកបុរោហិត ក្រាបទូលថា) កាលបើសំបកក្រចៅដែល (ទន់) មាន ទាំងជនអ្នកធ្វើក៏មាន ទូលព្រះបង្គំ នឹងធ្វើនូវខ្សែបន្លោះធ្នូដទៃ មិនគួរឡើយនឹងតភ្ជាប់ជាមួយនឹងនាងបូរាណីទេ។
ចប់ រុហកជាតក ទី១។
សិរីកាឡកណ្ណិជាតក ទី២
[២៣៣] (ព្រះបាទវិទេហរាជ ត្រាស់ថា) ម្នាលមហោសធ ស្រ្តីដែលមានរូបល្អ តែស្រ្តីនោះមានសីល បុរសមិនគប្បីប្រាថ្នាស្រ្តីនោះ អ្នកជឿឬទេ។
[២៣៤] (មហោសធ ក្រាបទូលថា) បពិត្រមហារាជ ទូលព្រះបង្គំជឿ បុរសដែលថោកទាប (មិនត្រូវការនឹងស្រ្តីនោះទេ) (ព្រោះ) សិរី និងកាឡកណ្ណី រមែងមិនចួបប្រសព្វគ្នាក្នុងកាលណាម្ដងឡើយ។
ចប់ សិរីកាឡកណ្ណិជាតក ទី២។
ID: 636867257678848783
ទៅកាន់ទំព័រ៖