ព្រះត្រៃបិដក ភាគ ៥៨
វីរកជាតក ទី៤
[២៥៧] (ប្រពន្ធរបស់ក្អែកគោក សួរថា) នែក្អែកទឹកឈ្មោះវីរកៈ អ្នកឃើញសត្វស្លាបដែលពោលពាក្យពីរោះ មានភ្នួតកដូចជាភ្នួតកនៃក្ងោក ជាក្អែកគោកឈ្មោះសវិដ្ឋកៈ ជាប្ដីរបស់ខ្ញុំដែរឬ។
[២៥៨] (ក្អែកទឹកពោធិសត្វ ពោលថា) ក្អែកសវិដ្ឋកៈ កាលធ្វើតាមសត្វស្លាប អ្នកត្រាច់ទៅក្នុងទឹក និងលើគោក បានបរិភោគត្រីស្រស់ជានិច្ចនោះ ត្រូវសារាយព័ន្ធព័ទ្ធស្លាប់ទៅហើយ។
ចប់ វីរកជាតក ទី៤។
គង្គេយ្យជាតក ទី៥
[២៥៩] (អណ្ដើក ពោលថា) ត្រីទាំងឡាយ នៅក្នុងទន្លេគង្គាក៏ល្អ ត្រីទាំងឡាយនៅក្នុងទន្លេយមុនាក៏ល្អ តែបុរសមានជើង ៤ នេះ
(១) មានបរិមណ្ឌលដូចដើមជ្រៃផង មានកវែងដូចចន្ទោលនៃរថផង ល្អរុងរឿងលើសអ្នកទាំងឡាយរាល់គ្នាទៅទៀត។
[២៦០] (ត្រីទាំងឡាយ ពោលថា) យើងសួរហេតុណា មិនប្រាប់ហេតុនោះ យើងសួរហើយត្រឡប់ប្រាប់ហេតុដទៃវិញ សត្វសរសើរតែខ្លួនឯងនេះ មិនគាប់ចិត្តយើងទេ។
ចប់ គង្គេយ្យជាតក ទី៥។
(១) បុរសមានជើង ៤ នេះ សំដៅយកអណ្តើកនេះឯង។ អដ្ឋកថា។
ID: 636867261455114773
ទៅកាន់ទំព័រ៖