ព្រះត្រៃបិដក ភាគ ៥៨

​តិ​លមុ​ដ្ឋិ​ជាតក​ ​ទី២​


 [​៣៥៥​]​ ​(​ព្រះបាទ​ព្រហ្មទត្ត​ ​ពោល​ថា​)​ ​អ្នកចាប់​យើង​ត្រង់​ដើមដៃ​ ​ហើយ​វាយ​យើង​ដោយ​រំពាត់​ ​ព្រោះហេតុតែ​ល្ង​មួយ​ក្ដាប់​ ​ការ​វាយ​នោះ​ ​ប្រាកដ​ក្នុងចិត្ត​របស់​យើង​ ​ដរាបដល់​ថ្ងៃនេះ​។​
 [​៣៥៦​]​ ​ម្នាល​ព្រាហ្មណ៍​ ​អ្នក​មក​ដោយហេតុ​ណា​ ​អ្នក​មិន​ត្រេកអរ​ក្នុង​ជីវិត​ដោយហេតុ​នោះ​ទេ​ឬ​ ​ព្រោះ​អ្នកចាប់​យើង​ត្រង់​ដើមដៃ​ ​ហើយ​វាយ​ ​អស់​វារៈ​បីដង​។​
 [​៣៥៧​]​ ​(​ព្រាហ្មណ៍​ ​ពោល​ថា​)​ ​អរិយជន​ណា​ ​ហាមឃាត់​នូវ​បុគ្គល​មិន​ប្រសើរ​ ​កាល​ធ្វើ​នូវ​អំពើអាក្រក់​ដោយ​អាជ្ញា​ ​ការ​ហាមឃាត់​របស់​អរិយជន​នោះ​ ​រាប់ថាជា​ពាក្យ​ប្រៀនប្រដៅ​ ​ការ​ហាមឃាត់​ ​អរិយជន​នោះ​ ​មិនមែន​ជា​ពៀរ​ឡើយ​ ​បណ្ឌិត​ទាំងឡាយ​រមែង​ដឹង​នូវ​ហេតុ​នោះ​ ​ដូច្នេះ​ឯង​។​

​ចប់​ ​តិ​លមុ​ដ្ឋិ​ជាតក​ ​ទី២​។​


​មណិ​កណ្ឋ​ជាតក​ ​ទី៣​


 [​៣៥៨​]​ ​(​មណិ​កណ្ឋ​នាគរាជ​ ​ពោល​ថា​)​ ​បាយ​ ​និង​ទឹក​ ​កើត​ដល់​ខ្ញុំ​ច្រើនពេក​ក្រៃ​ ​ព្រោះ​ហេតុ​នៃ​កែវមណី​នេះ​ ​ខ្ញុំ​នឹង​មិន​ឲ្យ​កែវមណី​នោះ​ដល់​លោក​ ​លោក​ជា​អ្នក​សូម​ហួសហេតុ​ ​ខ្ញុំ​នឹង​មិន​មកកាន់​អាស្រម​របស់​លោក​ទេ​។​
ថយ | ទំព័រទី ១៣៩ | បន្ទាប់
ID: 636867295499371993
ទៅកាន់ទំព័រ៖