ព្រះត្រៃបិដក ភាគ ៥៨
ខន្តិវាទិជាតក ទី៣
[៥៥០] (សេនាបតី ពោលថា) បពិត្រលោកមានព្យាយាមធំ ព្រះរាជាណាកាត់ព្រះហស្តទាំងពីរក្ដី កាត់ព្រះបាទទាំងពីរក្ដី កាត់ត្រចៀក និងច្រមុះក្ដី របស់លោក សូមលោកខ្ញាល់ចំពោះបុគ្គលនោះចុះ សូមលោកកុំញុំាងដែននេះឲ្យវិនាសឡើយ។
[៥៥១] (តាបសពោធិសត្វ ពោលថា) ព្រះរាជាណា កាត់ដៃទំាងពីរក្ដី កាត់ជើងទាំងពីរក្ដី កាត់ត្រចៀក និងច្រមុះក្ដី របស់អាត្មា សូមឲ្យព្រះរាជានោះ ទ្រង់មានព្រះជន្មយឺនយូរ ពួកអ្នកប្រាជ្ញដូចយ៉ាងអាត្មា មិនខឹងឡើយ។
[៥៥២] (ព្រះសាស្ដា ទ្រង់ត្រាស់ថា) សមណៈ ជាអ្នកសំដែងនូវខន្តី មានហើយក្នុងអតីតកាល ព្រះបាទកាសី ទ្រង់ត្រាស់ឲ្យចោរឃាតកបុរសសម្លាប់សមណៈនោះ អ្នកតាំងនៅក្នុងខន្តី។
[៥៥៣] ព្រះបាទកាសី តាំងនៅក្នុងនរក សោយនូវផលនៃកម្មណា ផលនៃកម្មអាក្រក់នោះ ជាផលក្ដៅក្រហាយ។
ចប់ ខន្តិវាទិជាតក ទី៣។
ID: 636867316738746816
ទៅកាន់ទំព័រ៖