ព្រះត្រៃបិដក ភាគ ៥៨
អននុសោចិយជាតក ទី៨
[៦១០] (តាបសពោធិសត្វ ពោលថា) នាងសម្មិល្លហាសិនី ជាស្រីដ៏ចំរើន មានក្នុងចន្លោះពួកសត្វដ៏ច្រើនដែលស្លាប់ហើយ ពួកសត្វដែលស្លាប់ហើយនោះ នឹងមានប្រយោជន៍អ្វីដល់ខ្ញុំ ហេតុនោះ បានជាខ្ញុំមិនសោកស្ដាយនាងសម្មិល្លហាសិនី ជាទីស្រឡាញ់នុ៎ះឡើយ។
[៦១១] វត្ថុណា ៗ មិនមានដល់សត្វនោះ បើសត្វគប្បីសោកស្ដាយ ចំពោះវត្ថុដែលគ្មាននោះ ៗ គប្បីសោយសោកចំពោះខ្លួនឯង ដែលលុះក្នុងអំណាចនៃមច្ចុគ្រប់កាលផង។
[៦១២] អាយុសង្ខារមិនទៅតាមសត្វណាមួយ ដែលឈរ អង្គុយ ដេក ដើរទៅមកឡើយ សត្វបើកភ្នែក ធ្មេចភ្នែក ដរាបណា វ័យរបស់សត្វតែងរំកិលទៅដរាបនោះ។
[៦១៣] កាលបើសេចក្ដីព្រាត់ប្រាសក្នុងខ្លួន ជាផ្លូវឥតសង្ស័យនោះហើយ បុគ្គលគប្បីអាណិតសត្វរស់នៅដ៏សេសសល់ មិនគួរសោយសោក ចំពោះសត្វដែលច្យុតហើយទេ។
ចប់ អននុសោចិយជាតក ទី៨។
ID: 636867330412238895
ទៅកាន់ទំព័រ៖