ព្រះត្រៃបិដក ភាគ ៥៨
[៦៨៤] (នារទាមាត្យ ពោលថា) លោកម្ចាស់ ឆាន់ចង្ហាន់ស្រូវសាលី ដែលលាយនឹងសាច់ដ៏ស្អាត ហេតុដូចម្ដេច បានជាស្រងែរ និងស្មៅគែលលកដែលមិនមានរសប្រៃសោះ ធ្វើឲ្យលោកម្ចាស់ត្រេកអរបាន។
[៦៨៥] (កេសវតាបស និយាយតបថា) បុគ្គលមានសេចក្ដីស្និទ្ធស្នាល បរិភោគភោជនទោះបីឆ្ងាញ់ក្ដី មិនឆ្ងាញ់ក្ដី តិចក្ដី ច្រើនក្ដី ក្នុងកន្លែងណា ភោជន (ណាមួយដែលបុគ្គលបរិភោគហើយ ក្នុងទីកន្លែងនោះ ជាភោជនប្រសើរ) ព្រោះរស មានសេចក្ដីស្និទ្ធស្នាលជាយ៉ាងក្រៃលែង។
ចប់ កេសវជាតក ទី៦។
អយកូដជាតក ទី៧
[៦៨៦] (ពោធិសត្វ ពោលថា) អ្នកណា ឈរកាន់ញញួរដែកទាំងមូលធំហួសប្រមាណ លើអាកាស អ្នកនោះមកឋិតនៅ ដើម្បីរក្សាអញ (ក្នុងថ្ងៃនេះ) ឬព្យាយាម ដើម្បីសម្លាប់អញ។
ID: 636867337442911026
ទៅកាន់ទំព័រ៖