ព្រះត្រៃបិដក ភាគ ៥៨
[៦៩៣] បើផ្ទៃជម្ពូទ្វីបនេះ គ្មានមនុស្សអ្នកវៀរចាកកាយទុច្ចរិតជាដើមទេ ម្នាលកូន អ្នកកុំសេពគប់នឹងបុរសដែលមានចិត្តដូចទឹកល្មៀតជាគ្រឿងជ្រលក់ (មានចិត្តមិនបានខ្ជាប់ខ្លួន) មានចិត្តដូចជាអាការនៃស្វា ជួនត្រេកអរ ជួនមិនត្រេកអរ (ប្រែប្រួលភ្លាម ៗ) ប្រាកដដូច្នោះឡើយ។
ចប់ អរញ្ញជាតក ទី៨។
សន្ធិភេទជាតក ទី៩
[៦៩៤] (ព្រះរាជា មានព្រះឱង្ការនឹងសារថីថា) ម្នាលសារថី សេចក្ដីស្មើគ្នា (របស់សត្វទាំងពីរ) ក្នុងសត្វញីទាំងឡាយ មិនមាន ក្នុងចំណីអាហារទាំងឡាយ ក៏មិនមានដែរ អ្នកចូរមើលគំនិតរបស់ចចកអ្នកបំបែកនូវតំណនៃមិត្រនោះ គិតមើលឲ្យល្អចុះ។
[៦៩៥] ពួកម្រឹគអធម៌ (ចចក) ស៊ីគោផង ស៊ីសីហៈផង ព្រោះសេចក្ដីញុះញង់ណា សេចក្ដីញុះញង់នោះ រមែងប្រែប្រួលដូចជាដាវមុតក្នុងសាច់។
[៦៩៦] ម្នាលសារថី អ្នកឃើញកិរិយាដេកស្លាប់ (នៃសត្វទាំងពីរ) នេះ បុគ្គលណា ជឿពាក្យរបស់បុគ្គលអ្នកញុះញង់ បំបែកនូវតំណនៃមិត្រ បុគ្គលនោះ រមែងដេកស្លាប់យ៉ាងនេះ (ពុំខាន)។
ID: 636867338290589511
ទៅកាន់ទំព័រ៖