ព្រះត្រៃបិដក ភាគ ៥៨
មុទុលក្ខណជាតក ទី៦
[៦៦] (ឥសីពោធិសត្វ ពោលថា) មុនអំពីពេលដែលមិនទាន់បាននូវនាងមុទុលក្ខណា សេចក្តីប្រាថ្នាមានតែមួយ កាលណាអាត្មាភាពបាននាងមុទុលក្ខណា ជាស្ត្រីមានភ្នែកល្អហើយ សេចក្តីប្រាថ្នារឹតតែញុំាងសេចក្តីប្រាថ្នា (ផ្សេងៗ) ឲ្យកើតឡើងទៀត។
ចប់ មុទុលក្ខណជាតក ទី៦។
ឧច្ឆង្គជាតក ទី៧
[៦៧] (ស្រ្តីម្នាក់ ពោលថា) បពិត្រព្រះសម្មតិទេព កូនរបស់ខ្ញុំព្រះអង្គ (ដូចជាអន្លក់ដែលដក់) ក្នុងថ្នក់ (បានដោយងាយ) ស្ត្រីដែលដើរទៅតាមផ្លូវ រកប្តី (បានដោយងាយ) ឯខ្ញុំព្រះអង្គមិនឃើញប្រទេស គឺផ្ទៃនៃមាតានោះ ដែលខ្ញុំព្រះអង្គគួរនាំយកបងប្អូនប្រុសបង្កើតមកបាន។
ចប់ ឧច្ឆង្គជាតក ទី៧។
សាកេតជាតក ទី៨
[៦៨] (ព្រះសាស្តា ទ្រង់ត្រាស់ថា) ចិត្តតាំងនៅស៊ប់ ឬក៏ចិត្តជ្រះថ្លា ក្នុងបុគ្គលណា ដែលខ្លួនមិនធ្លាប់ឃើញហើយ ជនតែងស្និទ្ធស្នាលចំពោះបុគ្គលនោះ ដោយពិត។
ចប់ សាកេតជាតក ទី៨។
ID: 636867225679938550
ទៅកាន់ទំព័រ៖