ព្រះត្រៃបិដក ភាគ ៥៨
វិស្សាសភោជនជាតក ទី៣
[៩៣] (សេដ្ឋីពោធិសត្វ ពោលថា) បុគ្គលមិនគប្បីស្និទ្ធស្នាលក្នុងបុគ្គលដែលមិនធ្លាប់ស្និទ្ធស្នាល មិនគប្បីស្និទ្ធស្នាលក្នុងបុគ្គល សូម្បីធ្លាប់ស្និទ្ធស្នាលហើយ ភ័យរមែងទៅតាមបុគ្គលនោះ ព្រោះសេចក្ដីស្និទ្ធស្នាល ដូចជាភ័យដែលជាប់តាមនូវសត្វសីហៈ ព្រោះមេម្រឹគ។
ចប់ វិស្សាសភោជនជាតក ទី៣។
លោមហំសជាតក ទី៤
[៩៤] (អាជីវកពោធិសត្វ ពោលថា) អាត្មាអញ ក្ដៅណាស់ហើយ ត្រជាក់ណាស់ហើយ នៅតែម្នាក់ឯង ក្នុងព្រៃគួរខ្លាច ជាមនុស្សអាក្រាត ទាំងមិនអាំងភ្លើង ជាអ្នកខ្វល់ខ្វាយក្នុងការស្វែងរក (នូវព្រហ្មចរិយធម៌) ប្រតិបត្តិ ដើម្បីមោនៈ។
ចប់ លោមហំសជាតក ទី៤។
មហាសុទស្សនជាតក ទី៥
[៩៥] (ព្រះពោធិសត្វ ពោលថា) សង្ខារទាំងឡាយមិនទៀងទេ មានការកើតឡើង និងសូន្យទៅជាធម្មតា (ព្រោះ) កើតឡើងហើយ តែងរលត់ទៅវិញ ការរម្ងាប់សង្ខារទាំងនោះបាន ទើបនាំមកនូវសេចក្ដីសុខ។
ចប់ មហាសុទស្សនជាតក ទី៥។
ID: 636867231038585047
ទៅកាន់ទំព័រ៖