ព្រះត្រៃបិដក ភាគ ៥៨
វេរិជាតក ទី៣
[១០៣] (សេដ្ឋីពោធិសត្វ ពោលថា) បុគ្គលមានពៀរ អាស្រ័យនៅក្នុងទីណា អ្នកបា្រជ្ញមិនគប្បីនៅក្នុងទីនោះ បុគ្គលនៅក្នុងសំណាក់នៃបុគ្គលមានពៀរអស់មួយរាត្រី ឬពីររាត្រី ក៏នាំមកនូវសេចក្ដីទុក្ខ។
ចប់ វេរិជាតក ទី៣។
មិត្តវិន្ទជាតក ទី៤
[១០៤] (ទេវបុត្រពោធិសត្វ ពោលថា) អ្នក (ចេញ) អំពីវិមានិកប្រេត ៤ បានវិមានិកប្រេត ៨ (ចេញ) អំពីវិមានិកប្រេត ៨ បានវិមានិកប្រេត ១៦ (ចេញ) អំពីវិមានិកប្រេត ១៦ បានវិមានិកប្រេត ៣២ (ក៏នៅតែមិនស្កប់ស្កល់) ចក្រក៏វិលលើក្បាលនៃបុរស កាលប្រាថ្នា ក្នុងទីនោះ ៗ ទើបមកដល់កង់ចក្រ កង់ចក្រ រមែងវិលលើក្បាលបុគ្គលដែលមានសេចក្ដីប្រាថ្នាគ្របសង្កត់។
ចប់ មិត្តវិន្ទជាតក ទី៤។
ទុព្វលកដ្ឋជាតក ទី៥
[១០៥] (រុក្ខទេវតាពោធិសត្វ ពោលថា) ឈើគ្រាំគ្រា ដែលខ្យល់កាច់បំបាក់បានក្នុងព្រៃនោះ មានច្រើន ម្នាលដំរី ប្រសិនបើអ្នកខ្លាចឈើនោះ អ្នកមុខជានឹងស្គមមិនខាន។
ចប់ ទុព្វលកដ្ឋជាតក ទី៥។
ID: 636867233378618889
ទៅកាន់ទំព័រ៖