ព្រះត្រៃបិដក ភាគ ៥៨
ទឡ្ហវគ្គ ទី១
រាជោវាទជាតក ទី១
[១៥១] (សារថីរបស់ព្រះបាទរាជាពល្លិកៈ ពោលថា) ព្រះបាទពល្លិកៈ រមែងបោះនូវរបស់មាំដល់បុគ្គលអ្នកមាំ ឈ្នះនូវបុគ្គលទន់ដោយកិរិយាទន់ ឈ្នះនូវសប្បុរស ដោយសប្បុរស ឈ្នះនូវអសប្បុរស ដោយអសប្បុរស ព្រះរាជានេះ (មានសីល និងអាចារៈ) ប្រាកដដូច្នេះ ម្នាលសារថី អ្នកចូរចៀសចេញអំពីផ្លូវទៅ។
[១៥២] (សារថីរបស់ព្រះបាទពារាណសី ពោលថា) ព្រះរាជាគប្បីឈ្នះបុគ្គលអ្នកក្រោធ ដោយសេចក្ដីមិនក្រោធ គប្បីឈ្នះអសប្បុរស ដោយសប្បុរស គប្បីឈ្នះបុគ្គលកំណាញ់ ដោយការឲ្យ គប្បីឈ្នះបុគ្គលអ្នកពោលពាក្យកុហក ដោយការពោលពាក្យពិត ព្រះរាជានេះ (មានសីល និងអាចារៈ) ប្រាកដដូច្នេះ ម្នាលសារថី អ្នកចូរចៀសចេញអំពីផ្លូវទៅ។
ចប់ រាជោវាទជាតក ទី១។
ID: 636867246990717457
ទៅកាន់ទំព័រ៖