ព្រះត្រៃបិដក ភាគ ៥៨
សិគាលជាតក ទី២
[១៥៣] (រាជសីហ៍ពោធិសត្វ ពោលថា) ការងារទាំងឡាយនោះ ញុំាងបុគ្គលអ្នកមានការងារមិនបានពិចារណាដោយត្រឹមត្រូវ ឲ្យសំរេចដោយរួសរាន់ឲ្យក្ដៅក្រហាយ ដូចជាវត្ថុក្ដៅដែលបុគ្គលពមចូលទៅក្នុងមាត់។
[១៥៤] (ព្រះសាស្ដា ត្រាស់ថា) សីហៈញុំាងភ្នំប្រាក់ឲ្យលាន់ឮខ្លាំង ដោយសីហនាទ ចចកនៅក្នុងភ្នំប្រាក់ បានឮសំលេងគឹកកងនៃសត្វសីហៈហើយ ក៏ភ័យតក់ស្លុតបែកហ្ឫទ័យស្លាប់។
ចប់ សិគាលជាតក ទី២។
សូករជាតក ទី៣
[១៥៥] (សូករៈ ពោលថា) ម្នាលសំឡាញ់អ្នកមានធុរៈស្មើ ខ្ញុំមានជើង ៤ ម្នាលសំឡាញ់ អ្នកឯងក៏មានជើង ៤ ដែរ ម្នាលសំឡាញ់ អ្នកចូរត្រឡប់មក អ្នកខ្លាចឬ បានជារត់ចេញ។
[១៥៦] (សីហៈពោធិសត្វ ពោលថា) ម្នាលសូករៈ អ្នកមានកាយមិនស្អាត មានរោមប្រឡាក់ដោយវត្ថុស្អុយ មានក្លិនអាក្រក់បក់ទៅ បើអ្នកចង់ច្បាំងគ្នា ម្នាលសំឡាញ់ យើងឲ្យជ័យដល់អ្នកឯង។
ចប់ សូករជាតក ទី៣។
ID: 636867247416971837
ទៅកាន់ទំព័រ៖