ព្រះត្រៃបិដក ភាគ ៥៨
អសទិសវគ្គ ទី៤
អសទិសជាតក ទី១
[២១១] (ព្រះសាស្ដា ត្រាស់ថា) ព្រះរាជបុត្រទ្រង់ព្រះនាមអសទិសៈ ជាខ្មាន់ធ្នូមានកំឡាំងច្រើន បាញ់ធ្នូទៅក្នុងទីឆ្ងាយ បាញ់ត្រង់ ទំលាយនូវកងទ័ពធំបាន។
[២១២] ព្រះរាជកុមារទ្រង់ច្បាំងនឹងសត្រូវទាំងពួងបាន តែមិនបានបៀតបៀននូវជនណាមួយឡើយ ធ្វើព្រះអនុជឲ្យសួស្ដី ហើយដល់នូវសេចក្ដីសង្រួម គឺចូលទៅកាន់ផ្នួស។
ចប់ អសទិសជាតក ទី១។
សង្គាមាវចរជាតក ទី២
[២១៣] (ទម័កដំរីពោធិសត្វ ពោលថា) ម្នាលដំរី អ្នកល្បីថាជាសត្វចូលសង្គ្រាម មានកំឡាំងក្លៀវក្លា ហេតុអ្វី មកដល់ក្លោងទ្វារហើយ ក៏ថយក្រោយទៅវិញ។
[២១៤] ម្នាលដំរី អ្នកចូរញាំញីទំលាយនូវសន្ទះទ្វារ ហើយដកភើចសសរខឿនចេញឲ្យឆាប់ ចូរញាំញីនូវក្លោងទារ ហើយចូលទៅយ៉ាងឆាប់។
ចប់ សង្គាមាវចរជាតក ទី២។
ID: 636867254595052400
ទៅកាន់ទំព័រ៖