ព្រះត្រៃបិដក ភាគ ៥៨
មិត្តាមិត្តជាតក ទី៧
[២៤៣] (ព្រះពោធិសត្វ ពោលថា) បុគ្គលឃើញបុគ្គលនោះហើយ មិនញញឹមផង មិនរីករាយតបនឹងបុគ្គលនោះផង មិនឲ្យភ្នែកចំពោះបុគ្គលនោះ គឺមិនសំឡឹងចំភ្នែកនឹងភ្នែកផង ប្រព្រឹត្តខ្មាំងសត្រូវ (ចំពោះបុគ្គលនោះផង)។
[២៤៤] បុគ្គលជាបណ្ឌិត ឃើញហើយ ឮហើយ គប្បីស្គាល់នូវបុគ្គលមិនមែនជាមិត្ត ដោយអាការៈទាំងឡាយណា អាការៈទាំងឡាយនុ៎ះ រមែងមានតាំងនៅក្នុងបុគ្គលមិនមែនជាមិត្ត។
ចប់ មិត្តាមិត្តជាតក ទី៧។
រាធជាតក ទី៨
[២៤៥] (ព្រាហ្មណ៍ ពោលថា) ម្នាលអ្នក អញមកអំពីទីព្រាត់ប្រាសហើយ ទើបនឹងមកដល់ក្នុងកាលអម្បាញ់មិញនេះ ម្នាលអ្នក ចុះមាតារបស់អ្នក មិនចូលទៅសេពនឹងបុរសដទៃខ្លះទេឬ។
[២៤៦] (សេកឈ្មោះរាធៈ ពោលថា) បុគ្គលកាលពោលវាចា ដែលប្រកបដោយសច្ចៈនេះ តែមិនល្អ គប្បីដេកដូចជាសេកឈ្មោះបោដ្ឋបាទ ត្រូវនាងព្រាហ្មណីដុត ក្នុងជើងក្រានដូច្នោះ។
ចប់ រាធជាតក ទី៨។
ID: 636867259165083791
ទៅកាន់ទំព័រ៖