ព្រះត្រៃបិដក ភាគ ៥៩
[៣៧៨] (អគ្គមហេសី ពោលថា) បពិត្រព្រះសម្មតិទេព សក់ស្កូវរបស់ខ្ញុំមិនមែនរបស់ព្រះអង្គទេ ស្កូវក្បាលរបស់ខ្ញុំ ស្កូវត្បូងរបស់ខ្ញុំទេតើ បពិត្រព្រះរាជសេដ្ឋៈ ខ្ញុំនិយាយកុហកទេ ដោយបំណងថា អាត្មាអញនឹងធ្វើនូវសេចក្តីចំរើន (ដល់ខ្លួន) សូមព្រះអង្គទ្រង់ព្រះមេត្តាប្រោស អភ័យទោសកំហុសម្តង (ដល់ខ្ញុំ)។
[៣៧៩] បពិត្រព្រះរាជា ព្រះអង្គនៅក្មេង ឋិតនៅក្នុងបឋមវ័យនៅឡើយ មុខគួរឲ្យអ្នកផងពិតពិលរមិលមើល ដូចជាទំពាំង (ខ្ចី មានសម្បុរដ៏សិ្នទ្ធ) សូមទ្រង់សោយរាជ្យផង សូមទ្រង់ទតខ្ញុំព្រះអង្គផង បពិត្រព្រះជនិន្ទៈ សូមព្រះអង្គកុំស្ទុះទៅតាមកាលិកៈឡើយ
(១) ។
[៣៨០] (ពោធិសត្វ ពោលថា) យើងឃើញកុមារីក្រមុំ មានសម្បុរស្បែកដ៏ផូរផង់ក្នុងខាងទាំងអស់ មានដងខ្លួនសមរម្យ ត្រង់ពាក់កណ្តាលខ្លួន សណ្ឋិតដោយល្អ (កុមារីនោះ) ធ្វើដំណើរញ៉ែងញ៉ង ដូចជាវល្លិប្រេង មានស្លឹកខ្ចី (ដែលទន់ល្វន់) ហើយប្រលោមពួកបុរស។
(១) ការប្រព្រឹត្តិព្រហ្មចរិយៈ ឈ្មោះថា កាលិកៈ ព្រោះអាចឲ្យផលក្នុងអត្តភាពទី២ ឬទី៣។ អដ្ឋកថា។
ID: 636868091580315218
ទៅកាន់ទំព័រ៖