ព្រះត្រៃបិដក ភាគ ៥៩

​សុវណ្ណ​មិគ​ជាតក​ ​ទី៩​


 [​៤២​]​ ​(​ម្រឹគ​ញី​ជា​ប្រពន្ធ​ពោល​ថា​)​ ​បពិត្រ​មហា​ម្រឹគ​ ​អ្នក​ចូរ​ខំប្រឹង​ ​បពិត្រ​ម្រឹគ​មាន​ជើង​ដូច​មាស​ ​អ្នក​ចូរ​ខំប្រឹង​ ​ចូរ​កាត់​នូវ​អន្ទាក់​ដែល​ធ្វើ​ដោយ​ព្រ័ត្រ​ ​ខ្ញុំ​ជា​ម្រឹគ​ញី​ម្នាក់ឯង​ ​មិន​អាច​ត្រេកអរ​ក្នុង​ព្រៃ​បានទេ​។​
 [​៤៣​]​ ​(​ម្រឹគ​ពោធិសត្វ​ជា​ប្តី​ ​ពោល​ថា​)​ ​អញ​ខំប្រឹង​មិន​រួច​ទេ​ ​អញ​នឹង​កកាយ​ផែនដី​ ​ដោយ​កំឡាំង​ ​អន្ទាក់​ដែលគេ​ធ្វើ​ដោយ​ព្រ័ត្រ​ ​ជាប់​មាំមួន​ ​រឹត​កួត​ជើង​របស់​អញ​។​
 [​៤៤​]​ ​(​ម្រឹគ​ញី​ពោល​ថា​)​ ​បពិត្រ​អ្នក​ព្រាន​ ​អ្នក​ចូរ​ក្រាល​នូវ​ស្លឹកឈើ​ ​អ្នក​ចូរ​ហូតដាវ​ ​(​អំពី​ស្រោម​)​ ​អ្នកសម្លាប់​ខ្ញុំ​មុន​ ​ហើយ​សឹម​សម្លាប់​មហា​ម្រឹគ​ ​ជា​ខាងក្រោយ​។​
 [​៤៥​]​ ​(​ព្រាន​ ​ពោល​ថា​)​ ​អញ​មិនដែល​ឮ​ ​ឬ​ឃើញ​មេ​ម្រឹគ​ ​ចេះនិយាយ​ភាសា​មនុស្ស​ទេ​ ​ម្នាល​មេ​ម្រឹគ​ដ៏​ចំរើន​ ​នាង​ឯង​ចូរ​នៅជា​សុខ​ចុះ​ ​ទាំង​មហា​ម្រឹគ​នុ៎ះ​ ​ក៏​សូមឲ្យ​នៅជា​សុខ​ចុះ​។​
 [​៤៦​]​ ​(​ម្រឹគ​ញី​ ​ពោល​ថា​)​ ​បពិត្រ​អ្នក​ព្រាន​ ​ខ្ញុំ​ត្រេកអរ​ ​ព្រោះ​ឃើញ​នូវ​មហា​ម្រឹគ​ ​ដែល​រួច​ ​(​ចាក​អន្ទាក់​)​ ​ក្នុង​ថៃ្ង​នេះ​ ​យ៉ាងណា​ ​សូមអ្នក​ត្រេកអរ​ ​ជាមួយនឹង​ពួក​ញាតិ​ទាំងអស់​ ​យ៉ាងនោះ​ដែរ​។​

​ចប់​ ​សុវណ្ណ​មិគ​ជាតក​ ​ទី៩​។​

ថយ | ទំព័រទី ១៣ | បន្ទាប់
ID: 636868019801969732
ទៅកាន់ទំព័រ៖