ព្រះត្រៃបិដក ភាគ ៥៩
[៥២៥] ម្នាលសេកមានចំពុះក្រហម អ្នកចូរត្រាច់ទៅកាន់ចារិក កុំឲ្យខ្លួនអ្នកស្លាប់ឡើយ ម្នាលសេក ម្តេចក៏អ្នកនៅសញ្ជប់សញ្ជឹងលើដើមឈើងាប់ (នេះ) ម្នាលសេកមានសម្បុរខៀវស្រដៀងនឹងឈើក្នុងវស្សន្តរដូវ យើងសូមដាស់តឿនអ្នក អ្នកចូរថាមកមើល ព្រោះហេតុអ្វី ក៏បានជាអ្នកមិនលះបង់នូវឈើងាប់នេះ។
[៥២៦] (សេ្តចសេក តបថា) ម្នាលហង្ស ពួកសប្បុរសណា រលឹករឿយ ៗ នូវធម៌របស់ពួកសប្បុរស លោកជាសំឡាញ់នឹងពួកសំឡាញ់ (ទៅវិញទៅមកហើយ) ពួកសប្បុរសនោះ សូម្បីដល់នូវការអស់ទៅនៃជីវិត ក៏មិនលះបង់សំឡាញ់នោះចោល ដោយគិតថាអស់ ឬមិនអស់ ក្នុងកាលដែលបានសុខ និងទុក្ខឡើយ។
[៥២៧] ម្នាលហង្ស ខ្ញុំជាសប្បុរសដែរ ដើមឈើនេះ ទុកជាញាតិ ឬជាសំឡាញ់របស់ខ្ញុំក៏បាន ខ្ញុំជាអ្នកត្រូវការដោយជីវិត ក៏មិនអាចនឹងលះបង់នូវដើមឈើនោះចោលឡើយ (បើខ្ញុំដឹងថា ឈើនោះអស់ហើយ ៗ លះបង់ចោល) នុ៎ះ មិនមែនជាធម៌របស់សប្បុរសទេ។
[៥២៨] (សេ្តចហង្ស...) ម្នាលបក្សី សេចក្តីមេត្រី សេចក្តីជួបជុំ និងសេចក្តីស្និទ្ធស្នាល ដែលអ្នកបានធ្វើហើយ ជាការប្រពៃណាស់ បើអ្នកពេញចិត្តនឹងធម៌នោះ អ្នកនឹងបានជាទីសរសើរនៃពួកវិញ្ញូជន។
ID: 636868104820252499
ទៅកាន់ទំព័រ៖