ព្រះត្រៃបិដក ភាគ ៥៩
ទសកនិបាតជាតក
ចតុទ្វារជាតក ទី១
[៦១៧] (មិត្តវិន្ទុកៈ សួររុក្ខទេវតាថា) ក្រុងនេះមានទ្វារ ៤ ជាវិការៈនៃដែក មានកំពែងដ៏មាំ ខ្ញុំត្រូវកំពែងព័ទ្ធជាប់ជុំវិញ តើខ្ញុំបានធ្វើបាបអ្វី។
[៦១៨] ទ្វារទាំងអស់បិទជិត ខ្ញុំក៏ជាប់នៅ ដូចជាសត្វស្លាប (ជាប់នៅក្នុងទ្រុង) បពិត្រយក្ខ ហេតុដូចម្តេច ទើបខ្ញុំត្រូវចក្រវិលសង្កិន។
[៦១៩] (រុក្ខទេវតា...) អ្នកបានទ្រព្យជាង ២០ សែន មិនធ្វើតាមពាក្យរបស់ញាតិទាំងឡាយ ដែលជាអ្នកជួយអនុគ្រោះដោយល្អ។
[៦២០] អ្នកស្ទុះលឿនទៅកាន់ទូក ដែលអណែ្តតទៅកាន់សមុទ្រសាគរ ជាទីសម្រេចប្រយោជន៍តិច បាននាងវេមានិកប្រេត ៤ នាក់ នាងវេមានិកប្រេត ៨ នាក់ លុះចេញអំពីវេមានិកប្រេត ៨ នាក់ ក៏បាននាងវេមានិកប្រេត ១៦ នាក់។
[៦២១] អ្នកចេញអំពីនាងវេមានិកប្រេត ១៦ នាក់ ក៏បាននាងវេមានិកប្រេត ៣២ នាក់ អ្នកជាមនុស្សមានសេចក្តីប្រាថ្នាដ៏លើសលុប បានមកប្រទះនឹងចក្រ ទាំងចក្រក៏វិលកិននូវអំបែងក្បាលនៃបុរសដែលមានសេចក្តីប្រាថ្នាគ្របសង្កត់។
ID: 636868112701293269
ទៅកាន់ទំព័រ៖