ព្រះត្រៃបិដក ភាគ ៥៩

 ​[​៦៧៣​]​ ​បពិត្រមហារាជ​ ​បុគ្គល​ត្រូវ​សេចក្តី​ក្រោធ​ណា​គ្រប​សង្កត់​ហើយ​ ​រមែង​លះបង់​នូវ​កុសល​ផង​ ​ធ្វើ​ប្រយោជន៍​ដ៏​ធំ​ទូលាយ​ឲ្យ​សាបសូន្យ​ផង​ ​សេចក្តី​ក្រោធ​នោះ​ ​មាន​សេនា​ ​គឺ​កិលេស​ដែល​គួរខ្លាច​ ​មាន​កំឡាំង​អាច​ញាំញី​សត្វ​បាន​ ​សេចក្តី​ក្រោធ​ចេញពី​អាត្មា​មិនបានទេ​។​
 [​៦៧៤​]​ ​ធម្មតា​ភ្លើង​ ​រមែង​កើត​ក្នុង​ឈើ​ដែល​ពួត​ ​ភ្លើង​នោះ​ ​កើតអំពី​ឈើ​ណា​ ​ឆេះ​នូវ​ឈើ​នោះ​វិញ​។​
 [​៦៧៥​]​ ​កាល​បុរស​ល្ងង់ខ្លៅ​ ​អាប់​ឥត​ប្រាជ្ញា​ ​មិន​ចេះដឹង​យ៉ាងនេះ​ ​សេចក្តី​ក្រោធ​ ​រមែង​កើតអំពី​ការ​ប្រណាំងប្រជែង​ ​បុរស​នោះ​ ​រមែង​ត្រូវ​ភ្លើង​ ​គឺ​សេចក្តី​ក្រោធ​នោះ​ឆាបឆេះ​។​
 [​៦៧៦​]​ ​សេចក្ដី​ក្រោធ​របស់​បុគ្គល​ណា​ ​ចម្រើនឡើង​ ​ដូច​ភ្លើង​កាល​ចម្រើនឡើង​ ​ក្នុង​គំនរ​ស្មៅ​ ​និង​ឈើ​ ​យស​របស់​បុគ្គល​នោះ​ ​រមែង​សាបសូន្យ​ ​ដូច​ព្រះចន្ទ្រ​ក្នុង​កាឡបក្ខ​។​
 [​៦៧៧​]​ ​សេចក្តី​ក្រោធ​របស់​បុគ្គល​ណា​ ​ស្ងប់​រម្ងាប់​ ​ដូច​ភ្លើង​មិន​មាន​កំ​ញ៉ម​ ​យស​របស់​បុគ្គល​នោះ​ ​រមែង​បរិបូណ៌​ ​ដូច​ព្រះចន្ទ្រ​ក្នុង​សុក្កបក្ខ​។​

​ចប់​ ​ចុល្ល​ពោធិ​ជាតក​ ​ទី៥​។​

ថយ | ទំព័រទី ១៧៦ | បន្ទាប់
ID: 636868117314537132
ទៅកាន់ទំព័រ៖