ព្រះត្រៃបិដក ភាគ ៥៩
ហិរិជាតក ទី៣
[៦២] (ពារាណសីសេដ្ឋី ពោលថា) បណ្ឌិតគប្បីដឹងច្បាស់នូវបុគ្គលដែលលះបង់នូវសេចក្តីខ្មាស គួរខ្ពើមរអើម (ដោយមេត្តាភាវនា) ដែលគ្រាន់តែពោលថា ខ្ញុំ (ជាមិត្ត) របស់អ្នក តែមិនកាន់យកនូវអំពើដ៏ប្រសើរថា អ្នកនុ៎ះ មិនមែនជាមិត្តរបស់អញ។
[៦៣] ពិតណាស់ បុគ្គលធ្វើនូវអំពើណា គួរនិយាយចំពោះអំពើនោះ បុគ្គលមិនធ្វើនូវអំពើណា មិនគួរនិយាយចំពោះអំពើនោះ ពួកបណ្ឌិតតែងស្គាល់ច្បាស់នូវបុគ្គលដែលមិនធ្វើ គ្រាន់តែនិយាយ។
[៦៤] បុគ្គលណា ជាអ្នកប្រយ័ត្នក្នុងកាលទាំងពួង រង្កៀសក្នុងការបែកធ្លាយ (ចំពោះមិត្ត) សំឡឹងរំពៃរកទោសតែម្យ៉ាង អស់កាលជានិច្ច អ្នកនោះ មិនឈ្មោះថាមិត្តឡើយ មួយទៀត បុគ្គលណា ដែលពួកជនដទៃបំបែកមិនបាន រមែងដេកនៅរួម ដូចជាកូនដែលកើតអំពីទ្រូង បុគ្គលនោះ ទើបឈ្មោះថា មិត្តដោយពិត។
[៦៥] កុលបុត្តអ្នកមានផលានិសង្ស កាលនាំទៅនូវធុរៈ
(១) ជារបស់បុរស រមែងចំរើននូវហេតុជាគ្រឿងធ្វើនូវបាមោជ្ជៈ ជាគ្រឿងនាំមកនូវសេចក្តីសរសើរជាសុខ។
(១) ធុរៈរបស់បុរស មាន៤យ៉ាង គឺ ទាន ១ សីល ១ ភាវនា ១ មិត្តភាព ១។ អដ្ឋកថា។
ID: 636868021731650103
ទៅកាន់ទំព័រ៖