ព្រះត្រៃបិដក ភាគ ៥៩
[៦៩០] បពិត្រព្រះអង្គជាធំជាងជន អំពើមិនប្រសើរប្រាកដដូច្នេះ សាខៈជាសំឡាញ់របស់ព្រះអង្គ ជាមនុស្សមានគំនិតអាក្រក់ ជាអកតញ្ញូ ទ្រុស្តមិត្រ បានធ្វើហើយ។
[៦៩១] (ព្រះបាទនិគ្រោធ...) ម្នាលសំឡាញ់ អ្នកប្រាប់នូវការទង់ទាញណា ដែលសាខៈធ្វើហើយដល់ខ្ញុំ ខ្ញុំមិនដឹងនូវដំណើរនុ៎ះទេ ទាំងអ្នកណាមួយ ក៏មិនបានប្រាប់ដល់ខ្ញុំដែរ។
[៦៩២] អ្នកបានធ្វើនូវការចិញ្ចឹមជីវិតងាយ ដល់សំឡាញ់ទាំង ២ នាក់ គឺខ្ញុំ និងសាខៈ ជាអ្នកឲ្យឥស្សរិយយស គឺភាពជាធំក្នុងមនុស្សដល់យើង យើងបានសេចក្តីសំរេច ក៏ព្រោះអ្នក សេចក្តីសង្ស័យក្នុងហេតុនុ៎ះ មិនមានដល់ខ្ញុំទេ។
[៦៩៣] ពូជ (ដែលដាក់) ក្នុងភ្លើង រមែងឆេះ មិនដុះយ៉ាងណាមិញ ឧបការគុណដែលបុគ្គលធ្វើហើយ ក្នុងអសប្បុរស រមែងវិនាស មិនលូតលាស់យ៉ាងនោះដែរ។
[៦៩៤] ឧបការគុណដែលបុគ្គលធ្វើហើយ ក្នុងបុរសជាកតញ្ញូ មានសីលធម៌ មានសេចក្តីប្រព្រឹត្តប្រសើរនោះ រមែងមិនវិនាសទេ ដូចពូជ (ដែលព្រោះ) ក្នុងស្រែល្អ។
ID: 636868118891377322
ទៅកាន់ទំព័រ៖