ព្រះត្រៃបិដក ភាគ ៥៩
ឯកាទសកនិបាតជាតក
មាតុបោសកជាតក ទី១
[៧៩១] (ដំរីជាមាតារបស់ព្រះពោធិសត្វ ពោលថា) ដើមពោនស្វាផង ដើមខ្លែងគង់ផង ដើមទទឹម និងស្មៅធំ ឈ្មោះករវរៈផង ក្រអៅឈូក និងស្រងែផង ដុះទ្រុបទ្រុលហើយ ទាំងដើមកណិការជិតជើងភ្នំ ក៏ចេញផ្កាដែរ ព្រោះតែដំរីនោះមិននៅ។
[៧៩២] ក្នុងស្រុក ឬក្នុងក្រុងណាមួយ ព្រះរាជា ឬព្រះរាជកុមារណាមួយ មានគ្រឿងអាភារណៈ ជាវិការនៃមាស រមែងចិញ្ចឹមសេ្តចដំរីដោយដុំនៃភោជន ដ្បិតដំរីដែលព្រះរាជា ឬព្រះរាជកុមារ (គង់ហើយ) មិនតក់ស្លុត (ក្នុងសង្គ្រាម) អាចនឹងទំលុះទំលាយនូវក្រោះ (នៃពួកបច្ចាមិត្របាន)។
[៧៩៣] (ព្រះរាជា...) ម្នាលដំរី អ្នកចូរទទួលពំនូតភោជនចុះ ម្នាលដំរី អ្នកកុំស្គមឡើយ ម្នាលដំរី រាជកិច្ចទាំងឡាយមានច្រើន អ្នកនឹងធ្វើនូវរាជកិច្ចទាំងនោះ។
[៧៩៤] (ព្រះពោធិសត្វ...) មេដំរីនោះ ជាសត្វកំព្រា ខ្វាក់ភ្នែក មិនមានគេដឹកនាំ ទង្គិចជើងនឹងដង្គត់ឈើ ហើយបែរមុខទៅរកភ្នំចណ្ឌោរណៈ ដួលនៅ។
ID: 636868127463977646
ទៅកាន់ទំព័រ៖